ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងស្ថានទូតបារាំង នឹងរៀបចំព្រឹត្តិការណ៍​អបអរខួប៧០នៃឯករាជ្យរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ខួប៧០ឆ្នាំនៃឯករាជ្យរបស់កម្ពុជា៖ ឆ្នាំ១៩៥៣ ការចាប់ផ្ដើមថ្មីមួយក្នុងទំនាក់ទំនងបារាំង-កម្ពុជា ។ 

ក្នុងឱកាសខួបលើទី៧០នៃ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង នៅកម្ពុជា ដោយ សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និងវិទ្យាស្ថានស្រាវជ្រាវសម្រាប់ អភិវឌ្ឍន៍(IFD) នឹងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរចំណងពិសេស ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ តាមរយៈ ការតាំងពិព័រណ៍ សន្និសីទ និងការបញ្ចាំងភាពយន្ត។

ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ពិព័រណ៍ *១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី » នឹងធ្វើឡើងនៅសារមន្ទីរព្រះស្រី ឦសានវរ្ម័ន ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រនៃឯករាជ្យរបស់កម្ពុជាក្រោយសម័យអាណាព្យាបាលបារាំង និងការអភិវឌ្ឍ ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សក្រោយមក នោះគឺជាឯករាជ្យមួយដែលសម្តេចព្រះវររាជបិតាជាតិខ្មែរ ទាមទារបាន ដោយមិនបានបង្ហូរឈាមមួយតំណក់ឡើយ។ ការទទួលបានឯករាជ្យនេះមិនមែនជាការកាត់ផ្តាច់ ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។ ផ្ទុយទៅវិញ ពិព័រណ៍នេះនឹងបង្ហាញថា សម័យកាលក្រោយឆ្នាំ១៩៥៣បានឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតដល់អំឡុងដើមឆ្នាំ១៩៧០។

នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះក៏មានការសម្ភោធពិព័រណ៍មួយទៀតផងដែរនៅលើរបងស្ថានទូតបារាំង ដែល មានចំណងជើងថា «កម្ពុជា មើលពីលំហអាកាស – ៧០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ»។ ពិព័រណ៍នេះរៀបចំឡើង ដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍ (IRD) ដោយផ្អែកលើការងារធ្វើឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន សាកលវិទ្យាល័យសំខាន់ៗរបស់កម្ពុជា តាមរយៈរូបភាពថតពីលើអាកាស និងរូបភាពផ្កាយរណបធ្វើឡើងក្នុង អំឡុងពេល៧០ឆ្នាំចុងក្រោយនេះ ពិព័រណ៍ខាងលើនឹងបង្ហាញពីការប្រែប្រួលនៃសណ្ឋានដី និងការវិវឌ្ឍរបស់ ប្រទេសកម្ពុជា។ វាក៏បង្ហាញផងដែរថាតើបច្ចេកទេសសង្កេតមើលផែនដីអាចឱ្យគេឆ្លើយតបកាន់តែប្រសើរទៅនឹង បញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពដោយរបៀបណា។

ចំពោះភាពយន្តវិញ ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្តនិយាយ ភាសាបារាំងចំនួន៤ពាក់ព័ន្ធនឹងឯករាជ្យរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៃអតីតឥណ្ឌូចិនបារាំង។ ការ ចាក់បញ្ចាំងភាពយន្តទាំងនេះនឹងប្រព្រឹត្តទៅដោយមានវត្តមានរបស់សមិទ្ធិករ Philippe Fréling ដែលកំពុងស្នាក់ នៅរាជធានីភ្នំពេញ។

ជាកិច្ចបញ្ចប់ សន្និសីទនានានឹងត្រូវរៀបចំឡើងនៅវិទ្យាស្ថានបារាំង ដោយមានការចូលរួមពីសំណាក់ប្រវត្តិវិទូ Marie Aberdar ជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិភាសា និងអរិយធម៌បូព៌ាប្រទេស (Iralco)។ នៅថ្ងៃទី០៥ ខែធ្នូ សន្និសីទទី១នឹងផ្ដោតលើបរិបទ តួអង្គ និងដំណាក់កាលនានាដែលនាំឱ្យកម្ពុជាទទួលបានមកវិញនូវស្វ័យភាព ចាប់តាំងពីការលេចឡើងនូវចលនាជាតិនិយមខ្មែរក្នុងឆ្នាំ១៩៣០ រហូតដល់ការទទួលបាន អធិបតេយ្យភាពពេញលេញក្រោយសន្និសីទក្រុងហ្សឺណែវ (ឆ្នាំ១៩៥៤) ដែលបានបញ្ចប់សង្គ្រាមឥណ្ឌូចិនទី១។ ចំណែកសន្និសីទទី២នៅថ្ងៃទី១២ ខែធ្នូ នឹងផ្តោតលើ«ការចងចាំរបស់កម្ពុជាអំពីការធ្វើអាណានិគម»។ ពិព័រណ៍ នេះនឹងបង្ហាញពីការដាក់អាណានិគមនៅកម្ពុជា និងទំនាក់ទំនងរវាងប្រវត្តិសាស្ត្រ និងការចងចាំក្នុងសង្គមកម្ពុជា បច្ចុប្បន្ន។ សន្និសីទទាំងពីរនេះនឹងធ្វើឡើងជាភាសាបារាំង ដោយមានការបកប្រែជាភាសាខ្មែរ៕

ដោយ ៖ សិលា


ចែករំលែក៖