ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទ និងលោក លោកស្រី ប្រធាន អនុប្រធានមណ្ឌល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានការរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទ និងលោក លោកស្រី ប្រធាន អនុប្រធានមណ្ឌល ដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីណែនាំបច្ចេកទេសក្នុងដំណើរការប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន។

កិច្ចប្រជុំនេះបានធ្វើការណែនាំអំពីយន្តការរដ្ឋបាល សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបច្ចេកទេស។ គណៈកម្មការអប្បមាទ និងប្រធានមណ្ឌលមានតួនាទីទទួលសំណុំឯកសារ ទទួលសម្ភារៈសុខភាព អនាម័យ និងសម្ភារៈចាំបាច់ផ្សេងទៀត ធ្វើការផ្ទៀងផ្ទាត់លេខបន្ទប់ លេខតុ ឈ្មោះរបស់បេក្ខជនព្រមទាំងចុះហត្ថលេខាលើបញ្ជីរាយនាមរបស់បេក្ខជន។ 

កិច្ចប្រជុំនេះបានប្រព្រឹត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល អាជ្ញាធរដែនដី ដែលនឹងចូលរួមសហការគ្នាដើម្បីឱ្យដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូន។ 

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖ សូរិយា


ចែករំលែក៖