ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនស្ត្រីជាជនដៃដល់ចាក់សម្លាប់ឪពុកនិងម្តាយរងរបួសទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌកំបូលបានបញ្ជូនខ្លួនស្ត្រីជាជនដៃដល់ដែលយកកាំបិតចាក់សម្លាប់ឪពុកជាច្រេីនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមចំណែកម្តាយរងរបួសធ្ងន់​ ទៅតុលាការហេីយនៅថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នេះដេីម្បីចាត់ការតាមច្បាប់។ 

សូមបញ្ជាក់ថា​ កាលពីវេលាម៉ោង ១៧និង៥០ នាទី ថ្ងៃទី ០៤ វិច្ឆិកា ២០២៣ នៅក្នុងបុរីម៉ន ដានី ផ្ទះលេខB44 ផ្លូវលេខ៤ ភូមិតាអិន សង្កាត់ស្នោរ    ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្មមួយបង្កឡេីងដោយឈ្មោះ លៀង ហែមវត្តី ហៅ ល័ក្ខ  ភេទស្រី  អាយុ ៣០ឆ្នាំ មុខរបរ  នៅផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាកូន​ បានយកកាំបិតចាក់សម្លាប់ឪពុកបង្កេីតរបស់ខ្លួនបណ្តាលឱ្យស្លាប់ភ្លាមៗចំណែកម្តាយបានរងរបួសធ្ងន់។ 

ជនរងគ្រោះ ជាឳពុក ដែលបាត់បង់ជីវិត ឈ្មោះ  លៀង  ម៉េងលាភ អាយុ  ៦០ឆ្នាំ មុខរបរ  មន្រ្ដីរាជការ និងម្តាយដែលរងរបួសធ្ងន់ ឈ្មោះ ឈន មួយហេង អាយុ ៥៩ឆ្នាំ មុខរបរ  មេផ្ទះ បច្ចុប្បន្នស្នាក់នៅ បុរីម៉ន ដានី គម្រោងទី១០ ភូមិតាអីន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុជនសង្ស័យ ជាកូនចិត្តតិរច្ឆាន បានទារចេញពីក្នុងផ្ទះ  ម្ដាយបានឃាត់ កូននៅតែទារចេញ ឪពុកឃើញក៏ជួយឃាត់ ក៏ត្រូវកូនស្រី ស្ទុះទៅយកកាំបិត ចាក់មកលើឪពុកម្តាយ ជាច្រើនកាំបិត បណ្តាលឱ្យឪពុកស្លាប់ក្នុងថ្លុកឈាម ចំណែកម្តាយរបួសធ្ងន់ ។ ហេីយជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗផងដែរ។ 

នៅថ្ងៃទី៦ខែវិច្ឆិកា​ ឆ្នាំ២០២៣​ កម្លាំងជំនាញបានបញ្ជូនខ្លួនជនដៃដល់ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖