ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមស្វាគមន៍​ប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន​​ និងអាស៊ាន​បូក ​រួមទាំងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា​ដែល​បានមកជួបជុំគ្នាលើទឹកដីអង្គរដ៏អច្ឆរិយៈ​

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ សូមស្វាគមន៍​ប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ាន​​ និងអាស៊ាន​បូក ​រួមទាំងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា​ដែល​បានមកជួបជុំគ្នាលើទឹកដីអង្គរដ៏អច្ឆរិយៈ​ ដើម្បីចែករំលែក​​ ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ក្នុងភាពជាអ្នកដឹកនាំលើបរិវត្តកម្មមុខងារសាធារណៈ។​ 

លោករដ្ឋមន្ត្រីថ្លែងថា៖ ពិតណាស់ ក្នុងរយៈពេល៥៦ឆ្នាំកន្លងមកនេះ​ អាស៊ាន​ ដែលត្រូវបានស្គាល់ថា​ជាសហគមន៍សន្តិភាព​ សុវត្ថិភាព ​ស្ថិរភាព ថាមភាព និងវិបុលភាព ​របស់យើងបានរីកលូតលាស់ជាប្រចាំ​​ ហើយអាស៊ានទទួលបានបទពិសោធន៍ក្នុងការក្លាយខ្លួនជាតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៥​ លើពិភពលោក​ ព្រមទាំងអាចបន្តវិវឌ្ឍឈានទៅមួយកម្រិតទៀតនៅឆ្នាំ២០៣០​ ​បើតាមការព្យាករណ៍។ ​តែទោះបីជាយ៉ាងនេះ​​ក្តី​ យើងទាំងអស់គ្នាបាន និងកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនដែលបង្កផលប៉ះពាល់ដល់សុខទុក្ខនៃមនុស្សផងទាំងពួង​ ជាពិសេសស្ថានភាពក្រោយជំងឺកូវីដ១៩​ ក៏ដូចជាផលជះដែលបណ្តាលមកពីសង្គ្រាមអូសបន្លាយនានា រួមទាំងកត្តា សង្គម​​ សេដ្ឋកិច្ច នយោបាយដទៃទៀតលើពិភពលោក​។​​​​ ក្នុងន័យនេះ​ ប្រជាជន និងថ្នាក់ដឹកនាំរបស់សហគមន៍អាស៊ាន​ រួមទាំងអាស៊ានបូក​ ចាំបាច់ត្រូវស្រាក់ដៃសហប្រតិបត្តិការរួមគ្នាលើសពីពេលណាទាំងអស់​​ដើម្បីដោះស្រាយវិបត្តិដែលយើងបាន និងកំពុងប្រឈម​ ក្នុងគោលដៅសម្រេចបាននូវប្រយោជន៍រួមគ្នា។ ​

លោកបន្តថា៖ ក្នុងនាមជាម្ចាស់ផ្ទះ​ កម្ពុជាមានកិត្តិយសរៀបចំសិក្ខាសាលាស្តីពី «ការកសាងសមត្ថភាព លើភាពជាអ្នកដឹកនាំ ប្រកបដោយបរិវត្តកម្មសម្រាប់មន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត» ក្នុងវិស័យ មុខងារសាធារណៈ ដ៏មានសារៈសំខាន់នេះ ស្របពេលដែល រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​​ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់បញ្ចូល​កិច្ចការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ​ ទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​​ សម្រាប់អនុវត្តក្នុងអាណត្តិទី៧។​ វេទិកានៃ «បរិវត្តកម្មភាពជាអ្នកដឹកនាំ» នាពេលនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំទាំងអស់ មកពីប្រទេសសមាជិកអាស៊ាន និងអាស៊ានបូក និងមន្ត្រីកម្ពុជា ដើម្បីជួបចែករំលែកការអនុវត្តល្អៗពីគ្នាទៅវិញទៅមក ព្រោះយើងជឿជាក់ថា ភាពជាអ្នកដឹកនាំមានភាពសំខាន់ និងចាំបាច់​ សម្រាប់កំណែទម្រង់វិស័យមុខងារសាធារណៈ។

លោកថា៖ ខ្ញុំសូមជូនពរដល់ប្រតិភូដែលចូលរួមទាំងអស់ សូមទទួលបានជោគជ័យ​ និងទទួលបានពុទ្ធិជាច្រើនចេញពីសិក្ខាសាលា ហើយសូមឲ្យដំណើរកំសាន្តនានា លើទឹកដីអង្គរ ក្រុងសៀមរាប​ នៃព្រះរាជាណាចក្រកម្ពុជា​ទទួលបានតែភាពរីករាយ​ ជាមួយអនុស្សាវរីយ៍ល្អៗ ៕ 

ដោយ ៖ សហការី


ចែករំលែក៖