ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ឆ្លើយតប ជូនលោក David Whitehouse ដោយមានប្រសាសន៍ថា៖ ÷
១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះ ក៏ដោយ។
២. ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្មឹនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។
៣. ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ ។
៤. ផ្ទុយទៅវិញ ខ្ញុំក៏ដូចអ្នកសិក្សាស្រាវជ្រាវដទៃទៀតដែរ តែងពេញចិត្តនូវការផ្តល់វាយតម្លៃ ផ្តល់មតិ ចំពោះសមិទ្ធផលការងាររបស់យើង, ជាពិសេស ពីសំណាក់អ្នកដែលមានសមត្ថភាពជំនាញ រួមទាំងអ្នកសិក្សាអ្នកស្រាវជ្រាវដទៃទៀតផងដែរ ។ តាមពិតទៅ, ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍និងបានស្នើសុំមកខ្ញុំ ដែលក្នុងនោះ រួមមានទាំងអ្នកសិក្សាស្រាវជ្រាវផងដែរ ។
លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។
៥. ដូច្នេះ, ខ្ញុំសូមឆ្លៀតឱកាសនេះ ចែករំលែកនូវសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាសាធារណៈ នាពេលនេះ ដើម្បីឱ្យលោក និងអ្នកដែលមានចំណាប់អារម្មណ៍ដទៃទៀត អានស្នាដៃសិក្សាទាំងនេះ ដែលខ្ញុំបានសរសេរ និងបញ្ចប់កាលពីជាង ២១ ឆ្នាំ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង ១៦ ឆ្នាំមុន (ថ្នាក់បណ្ឌិត) មកម៉្លេះ ។
៦. សូមជូនពរលោក និងរីករាយអាននិក្ខេបបទរបស់ខ្ញុំ ៕
ដោយ ៖ សិលា