កីឡាករ James Maddison បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro 2024 នៅខែវិច្ឆិកានេះដោយសាររបួសកជើង។ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះបានរងរបួសនៅក្នុងការប្រកួតដ៏សំខាន់មួយរបស់ Tottenham ចាញ់ Chelsea ៤–១ ក្នុងការប្រកួត Premier League កាលពីថ្ងៃចន្ទ។
អង់គ្លេសត្រូវប្រកួតជាមួយម៉ាល់តានៅកីឡដ្ឋាន Wembley នៅថ្ងៃសុក្រ ទី១៧ វិច្ឆិកា មុននឹងធ្វើដំណើរទៅប្រទេសម៉ាសេដូនខាងជើងនៅ៣ថ្ងៃបន្ទាប់។
ក្លិបមាន់ខ្នាយមាស Tottenham បានប្រកាសថា Maddison នឹងនៅជាមួយ Hotspur Way សម្រាប់ការស្តារនីតិសម្បទាជាមួយបុគ្គលិកពេទ្យរបស់ក្លិប។
ក្លិបមិនបានបញ្ជាក់ថាតើពួកគេរំពឹងថាកីឡាកររូបនេះត្រូវអវត្តមានរយៈពេលប៉ុន្មាននោះទេ។
Maddison ស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៥ដងក្នុង១១ប្រកួត Premier League សម្រាប់ Spurs ចាប់តាំងពីចូលរួមជាមួយក្លិប Leicester City ក្នុងតម្លៃ៤០លានផោនកាលពីខែមិថុនា។
កីឡាកររូបនេះបានបង្ហាញខ្លួនចំនួន៥លើកសម្រាប់ក្រុមអង់គ្លេស និងជាកីឡាករបម្រុងដែលមិនបានប្រើក្នុងជ័យជម្នះ ៣–១ លើអ៊ីតាលីកាលពីខែតុលា ដែលធានាបាននូវវគ្គជម្រុះ Euro 2024 សម្រាប់ក្រុមរបស់លោក Gareth Southgate ជាមួយនឹងការប្រកួតចំនួន២ដែលនៅសល់។
ក្រុមមាន់ខ្នាយមាស Tottenham ដែលជាក្រុមកំពុងឈរលេខ២បណ្តោះអាសន្នក្នុងក្របខ័ណ្ឌ Premier League នេះធ្វើដំណើរទៅជួបក្រុម Wolves នៅរាត្រីនេះថ្ងៃសៅរ៍នេះវេលាម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច