ព័ត៌មានទាន់ហេតុការណ៍៖

សន្និបាតរវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលរៀបចំនៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ប្រទេសវៀតណាម ៖ នៅថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ លោក​ ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បាន​អញ្ជេីញចូលរួមក្នុងពិធីសន្និបាតរវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលរៀបចំនៅខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងលោកស្រី ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ។

ពិធីសន្និបាតនេះមានការអញ្ជើញចូលរួមពីថ្នាក់នាំសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលរៀបចំឡើងដោយផ្តោតជាសំខាន់លើការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យការទូតប្រជាជន និងប្រជាជន សមាគមមិត្តភាពនៃប្រទេសទាំងពីរ តាមរយៈ ការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជននិងប្រជាជន រដ្ឋាភិបាល និងរដ្ឋាភិបាល កសាងមូលដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំមួយសម្រាប់ការថែរក្សា ការការពារ លើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរយៈពេលវែងដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ។

ថ្លែងនៅក្នុង ឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ទំនាក់ទំនងការទូតទ្វេភាគីមកដល់ពេលនេះមានរយៈពេល ៥៦ឆ្នាំ ដែលបានបង្កើតឡើង ដោយគោរពស្រឡាញ់គ្នាជាបងប្អូន និងបានរីកចម្រើនយ៉ាងខ្លាំង ជាពិសេស នៅក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាពិសេស ការពង្រឹងនូវចំណងមិត្តភាព, ការទូប្រជាជន, កិច្ចសហប្រត្តិការព្រំដននៃប្រទេសទាំងពី ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

លោកស្រី ង្វៀង ធីថាញ់ បានលើកឡើងថា ៖ បន្ទាប់ពីសមាគមមិត្តភាពវៀតណាម កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសកម្មភាពសម្របសម្រួលរវាងសមាគមទាំងពីរ ដំណាក់កាលឆ្នាំ ២០២២-២០២៧ បានបង្ហាញថា ប្រទសទាំងពីរបានយកចិត្តទុក្ខដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងក្លឹបធុរកិច្ចនៃសមាគមទាំងពីរ។ សកម្មភាពទាំងនេះបានបង្ហាញអំពីការពង្រឹងនូវចំណងនៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយបានជំរុញការកែលម្អបន្ថែមទៀតនូវគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសមាគមទាំងពីរ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាព និងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។  

មានប្រសាសន៍ក្នុងបទអន្តរាគមន៍ នាឱកាសនោះផងដែរ លោក​ ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការគាំទ្រចំពោះការរៀបចំសន្និបាតដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងបានគូសរំលេចពីសកម្មភាព និងលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសខេត្តស្វាយរៀង-ឡុងអាន-តៃនិញ រួមគ្នាសម្រេចបានកន្លងមក ដោយបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ការរីកចម្រើនផ្នែកសង្គម សេដ្ឋកិច្ច នាំមកនូវការអភិវឌ្ឍ ប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរនៅតាមតំបន់ព្រំដែន ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្នុងការបន្តពូនជ្រំនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ​លើគ្រប់វិស័យ រឹងមាំ គង់វង្ស យូរអង្វែង ។ ជាមួយនេះ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះបណ្ដាអង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមមិត្តភាព នៃប្រទេសទាំងពីរ ដែលជា​តួអង្គ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ធ្វើឲ្យការអនុវត្តលើគ្រប់យន្តការ នៃកិច្ច​សហប្រតិបត្តិការនាពេលកន្លងមក ទទួលបានលទ្ធផលដ៏វិជ្ជមាន ។

សូមបញ្ជាក់បន្ថែមថា នៅក្នុងអំឡុងពេលនៃការចូលរួមសន្និបាតវាងសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា រយៈពេលពីរថ្ងៃ គឺថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកអភិបាលខេត្ត ក៏បានអញ្ជើញទៅទស្សនកិច្ចរោងចក្រផលិតស្ករអំពៅរបស់ក្រុមហ៊ុនថាញ់ថាញ់កុង និងអញ្ជើញសួរសុខទុក្ខ លោក ផាម វ៉ាន់តឹន អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖