ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូទៅបុកជាមួយរថយន្ត

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលស្រុកសំពៅលូន បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្តនៅវេលាម៉ោង ១៧និង២៦នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកូនភ្នំ៣២ខាងជើង ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានបង្ហើបអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តតូរីសពណ៌ស០១គ្រឿងពាក់ផ្លាកលេខ សៀមរាប 2B-1143 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ(ផ្លូវកោង)ភ្លាមនោះក៏ស្រាប់តែមានម៉ូតូធុនធំមិនមានផ្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ បញ្ញា ជាមន្ត្រីនគរបាលស្រុកសំពៅលូន ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង និងបានជ្រុលចង្កូតទៅបុកជាមួយរថយន្តពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងបានប្រគល់សពជនរងគ្រោះទៅអោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖