ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកន្លងមកដើម្បីកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំណត់គោលដៅអាទិភាពតាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។

ទន្ទឹមនឹងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់បញ្ជាក់ថា សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា គឺជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្ស។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ដែលមានទាំងប្រាក់សោធន និងការថែទាំសុខភាព បានគ្របដណ្ដប់លើប្រជាពលរដ្ឋជាង ៩លាននាក់ ដែលឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនាពេលឆាប់ៗខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យធ្វើការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងចំគោលដៅ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន ១,៥ លាននាក់ឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដើម្បីពន្យល់ដល់ពលរដ្ឋឱ្យបានយល់ច្បាស់ ជៀសវាងការច្រឡំភាន់ណាមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែតថ្លែងថា ៖ បើយើងយឺតមួយថ្ងៃនៅក្នុងការសម្រេចចិត្ត គឺវាអាចយឺតទៅដល់ ១ខែ ទៅ ៣ខែ ដល់ការអនុវត្តចំពោះប្រជាពលរដ្ឋលើកម្មវិធីគោលនយោបាយអាទិភាពនានា ដូច្នេះត្រូវដាក់ចេញភ្លាម អនុវត្តភ្លាមតែម្ដង តាមរយៈការគិតគូរគ្រប់ជ្រុងជ្រោយ ការដាក់ចេញ និងការអនុវត្ត ៕

ដោយ ៖ សហការី


ចែករំលែក៖