ខេត្តពោធិ៍សាត់៖ បុរសម្នាក់ ជិះម៉ូតូបញ្ច្រាសទិស ខុសគន្លង អទិភាព បុករថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឧបទ្ទវហេតុនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ១៦១-១៦២ ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស០១នាក់ ជិះម៉ូតូម៉ាក HONDA WAVE បញ្ច្រាសទិស ខុសគន្លង អទិភាព ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ផ្លាក លេខ ភ្នំពេញ 2BR.9137 នៅលើគន្លងផ្លូវល្បឿនលឿន ដែលកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នា ។ ក្រោយឃើញហេតុការណ៍ដូចនេះ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ សម្រួលចរាចរណ៍កុំឲ្យមានការកស្ទះ និងជួយសង្រ្គោះជនរងគ្រោះ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលដំណឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ នឹងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកអធិការរង បានបន្តថា ៖ ជនរងគ្រោះទី១មានឈ្មោះ ក្រឹម សាវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង២០និង៣០នាទីយប់ ទី២ឈ្មោះ ធៀប ធារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្ត រងរបួសស្រាល ។ លោកអធិការរង បានបន្ថែមទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កមកពីកត្តា បើកបរបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព តុល្យភាពនៃការខូចខាតគឺរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ស្លាប់០១នាក់ និងរបួសស្រាល០១នាក់ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និង ម៉ូតូ បានប្រគល់ទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត ៕
ដោយ ៖ សហការី