ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនក្នុងទីប្រជុំជនជ្រុលទៅបុកម៉ូតូស្លាប់ម្នាក់

ចែករំលែក៖

    ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងបើកលឿនក្នុងទីប្រជុំជនចាប់ហ្រ្វ័ងមិនជាប់ បណ្ដាលឱ្យទៅបុកម៉ូតូនៅខាងមុខស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥១នាទី នៅលើផ្លូវជាតិលេខ៦ កែងនឹងផ្លូវលំ ចន្លោះគីឡូមែ៉ត្រលេខ២០-២១ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឱ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយឈ្មោះបាន បៀន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំបណ្ដោ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ មឿន សោភា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំត្រពាំងធំត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ  មុខរបរកម្មករសំណង់ ដោយមានអ្នករួមដំណើរ០១នាក់ ឈ្មោះ ឡេង សុខរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរ កម្មករសំណង់ (របួសធ្ងន់)។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុគេបានឃើញរថយន្តបង្កខាងលើ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងផ្សេងទៀតបើកឆ្លងផ្លូវ ហើយរថយន្តបង្កខាងលើក៏បានជាន់ហ្វ្រ័ងតែមិនស៊ី ក៏គេចមកស្ដាំទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ដែលធ្វើដំណើរពីត្បូងទៅជើងស្របទិសគ្នា បណ្ដាលអោយស្លាប់អ្នកបើកបរម៉ូតូឈ្មោះ មឿន សោភា នៅកន្លែងកើតហេតុ និងរបួសធ្ងន់ដល់អ្នករួមដំណើរម៉ូតូឈ្មោះ ឡេង សុខរ៉ា ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោង១។

ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុនិងធ្វើការវាស់វែង រួចហើយបានយកម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ចំពោះអ្នកបើកបរឈ្មោះ បាន បៀន ជំនាញបាននាំខ្លួនមកសាកសួរនៅអធិការដ្ដាននគរបាលស្រុកមុខកំពូល។

ចំណែកសព កម្លាំងជំនាញបានដឹកយកមកតំកល់ទុកនៅក្នុងវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញរង់ចាំក្រុមគ្រួសារមកទទួលយក។

សេចក្តីសន្និដ្ឋាន ដោយអ្នកបើកបរ រថយន្តបើកបរលឿនក្នុងទីប្រជុំជន ខ្វះការប្រុងប្រយ័ត្ន  ពេលមានឧបសគ្គជាន់ហ្វ្រ័ងមិនជាប់ រួចគេចមកស្ដាំក៏បានបុកម៉ូតូនៅខាងស្ដាំតែម្ដង ៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖