ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមមហាសន្និបាត រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ នឹងអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។

មហាសន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យឡើងវិញ សកម្មភាពការងារ​ដែល​បាន​ធ្វើនាពេលកន្លងមក និងដាក់ចេញផែនការ ក៏ដូចជាគោលដៅការងារសម្រាប់​អនុវត្តន៍​បន្ត។

រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមថា ណសិរ្សសាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និង​បានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ឆ្នាំ២០២៣នេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មានអាយុកាល ៤៥ឆ្នាំហើយ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង​មហា​សាមគ្គី ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជាប្រមុខដឹកនាំ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបប​កម្ពុជា​ប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។

ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតប្រកប​ដោយ​ភាពអង់អាចក្លាហាននោះ ប្រទេសកម្ពុជាទាំងមូលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាក៕

ដោយ៖ សហការី


ចែករំលែក៖