ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីហាយប្រ៊ីដបើកលឿនទៅបុកពីក្រោយរថយន្តកូរ៉េដឹកទឹកកកប៉ើងក្រឡាប់ផ្ងារជើង​ ឯតៃកុងរថយន្តបង្កគាបជាប់កាប៊ីនស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​បានបើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងយ៉ាងលឿន​ រួចជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដឹកទឹកកកប៉ើងក្រឡាប់ផ្ងារជើង​ និងគាបជាប់ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងរន្ធត់​ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ៤​និង៤០នាទីទៀបភ្លឺ​ ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចទល់មុខផ្សារឯករាជ្យ១ តាមមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ។ 

    ជនរងគ្រោះមានឈ្មោះ ជាង សក្កណា​ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ (បានស្លាប់ក្នុងរថយន្ត)​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តកូរ៉េដឹកទឹកកក​ ពណ៌សមួយគ្រឿង​ ពាក់ផ្លាកលេខភ្នំពេញ 2N-8221​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវចោមចៅ​ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម​ ខណៈពេលបើកមកដល់ចំណុចកើតហេតុបានបង្អង់ល្បឿនបត់ឆ្វេង​ ស្របពេលនោះក៏មានបុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីដ​ ពណ៌ស​ មួយគ្រឿង​ ពាក់ផ្លាកលេខ ភ្នំពេញ 2R-8861 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ​ ទិសដៅស្របគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន​ រួចទៅបុករថយន្តកូរ៉េដឹកទឹកកកចំពីក្រោយពេញទំហឹង​ បណ្ដាលឱ្យរថយន្តដឹកទឹកកកខ្ទាតក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំ​និងចាក់ទឹកកកពេញផ្លូវ​ ។ ចំណែករថយន្តកាមរីហាយប្រ៊ីដ​ ក៏រងការខូចខាតព្រមទាំងគាបជាប់តៃកុងក្នុងកាប៊ីនរថយន្ត​ និងត្រូវបានកម្លាំងជំនាញសង្រ្គោះ ៧១១មកជួយគាស់យកចេញមកក្រៅដែរ​ ក៏ប៉ុន្តែអកុសល​ ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្ដង​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានចុះមកពិនិត្យជុំវិញទីតាំងកើតហេតុ​ និងធ្វេីការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖