ភ្នំពេញ៖ នាយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានទី១ គណៈ កម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ទទួលដំណើរមកដល់របស់ កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៧២៩ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។
កម្លាំងដែលមកដល់មាតុភូមិនាពេលនេះមានចំនួនសរុប ៩០នាក់ ក្នុងនោះ៦៧នាក់ជាកងកម្លាំងវិស្វកម្មព្រលាន យន្តហោះលេខ ៧២៩ ដែលបានបំពេញ បេសកកម្មនៅតំបន់គីដាល់ និង ២៣នាក់ ជាកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨២៨ ដែលបានបំពេញបេសកកម្មនៅទីក្រុងហ្គាវ នៃសាធារណរដ្ឋម៉ាលី។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បាននាំពាក្យពេចន៍សួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង ការពារជាតិ ប្រធានគណៈកម្មាធិការជាតិ រួមទាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩និងកងកម្ទេចគ្រាប់ មិនទាន់ផ្ទុះលេខ ៨២៨ មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ អ្នកក៏ជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ លើសពីនោះ អ្នកក៏ជានិមិត្តរូបនៃភាពក្លាហានក្នុងការចូលរួមចំណែក បំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។
ពិធីទទួលដំណើរនាពេលនេះ គឺជាការទទួលបណ្តោះ អាសន្ន ដ្បិតនឹងមានពិធីទទួលជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីកងកម្លាំងទាំងអស់បានមកដល់នាពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា នេះជាការមកដល់លើកទី២ បន្ទាប់ពីកងនាំមុខបានមកដល់មាតុភូមិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏ បាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់កងកម្លាំង និងបានថ្លែងអំណរដល់សាច់ញាតិបងប្អូនទាំងអស់ ដែលបានអញ្ជើញមកទទួលដំណើរមាតុភូមិនិវត្តន៍នាពេលនេះ៕
ដោយ៖ សូរិយា