ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ទស្សនៈជ្រុលនិយមខាងសាសនានិងខាងនយោបាយណាមួយក៏ដោយ ត្រូវតែលុបបំបាត់ចោលដើម្បីថែរក្សាសុខសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចោទប្រកាន់ ការលាបពណ៌ ការញុះញង់ឱ្យស្អប់ជាតិសាសន៍នេះ ជាតិសាសន៍នោះ បានធ្វើឱ្យខ្មែរមានការបែកបាក់គ្នា រហូតអាចឈានទៅដល់មានសង្រ្គាមទៀតផង។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេច ពីនយោបាយឈ្នះឈ្នះ ដែលត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ពោលគឺយើងអាចរស់នៅជាមួយគ្នាបានដោយសុខដុមរមនា ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាគ្មាន ប្រជាពលរដ្ឋ ណាម្នាក់ដែលត្រូវធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនា របស់ ពួកគាត់ឡើយ ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដ៏ទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្ដិសុខសាធារណៈនោះទេ។
សម្ដេចធិបតីថ្លែងថា៖«យើងអាចនិយាយបានថា មិនមាន ជម្លោះសាសនា នៅកម្ពុជាទេ នេះជាតថភាព មួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើនដែលមិនអាច ធានាបាននូវសុខដុមរមនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនា រហូតទៅដល់បង្កើតជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់រយរាប់ពាន់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់….៕
ដោយ ៖ សហការី