ខេត្តសៀមរាប ៖ ៩ចំណុច ធ្វើឱ្យស្គាល់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោពិន សែម (សិរីសុវណ្ណោ) ព្រះចៅអធិការវត្តរាជបូណ៌។ នេះបើយោងតាម អត្ថបទដោយ Preahmaha,jaa-Somsaroun_Santipalo បង្ហោះផ្លូវការលើផេក វត្តរាជបូរណ៍ ។
១.ជាព្រះថេរៈចាស់វស្សាមួយរូបដែលបួសមួយជីវិតដើម្បីបូជាព្រះពុទ្ធសាសនា។
២.ជាព្រះថេរៈដែលមានគុណធម៌ខ្ពង់ខ្ពស់ ហើយបានសាងប្រយោជន៍ជាច្រើនចំពោះជាតិនិងពុទ្ធសាសនា។
៣.ជាព្រះថេរៈដែលមានចំណេះដឹងពហុជំនាញ និងមានទស្សនៈអប់រំជ្រាលជ្រៅ (ពាក្យស្លោកមួយចំនួនរបស់ព្រះមហាអាចយកមកធ្វើជាគោលបដិបត្តិក្នុងការអប់រំជីវិតប្រចាំថ្ងៃ)។
៤.ការបង្រៀននិងការអប់រំទូន្មានសិស្សគណរបស់ព្រះមហាផ្តោតខ្លាំងលើចំណុចទាំងពីរគឺ ចំណេះដឹង និងគុណធម៌។
៥.ក្រោមការដឹកនាំនិងគ្រប់គ្រងរបស់ព្រះមហាគឺមានការអនុវត្តវិន័យយ៉ាងតឹងរឹង និងប្រកបដោយតម្លាភាព គ្មានការលើកលែងចំពោះអ្នកខុស តែមានការលើកទឹកចិត្តចំពោះអ្នកត្រូវ។
៦.ព្រះមហាមានរបៀបរស់នៅប្រចាំថ្ងៃមានសណ្តាប់ធ្នាប់ល្អ មានរបៀបវិន័យរៀបរយ និងមានអនាម័យស្អាតជានិច្ចមិនថាចំពោះព្រះកាយផ្ទាល់ទេ សូម្បីកុដិ និងទីអារាមវត្តទាំងមូលក៏ស្អាតដែរ។
៧.ជាព្រះថេរៈដែលហ៊ាននិយាយត្រង់ៗក្នុងការកែលម្អបុគ្គលនិងសង្គម តែប្រកបដោយព្រះទ័យមេត្តា។
៨.មិនជាប់ជំពាក់ក្នុងលាភ យស និងតួនាទី តែជាប់ជំពាក់ក្នុងការងារជួយប្រទេសជាតិ និងព្រះពុទ្ធសាសនា។
៩.សិស្សគណដែលតស៊ូអត់ធ្មត់សិក្សាក្នុងសំណាក់ព្រះមហាបាន គឺសុទ្ធតែក្លាយជាអ្នកប្រាជ្ញ បញ្ញវន្ត និងទទួលបាននូវភាពជោគជ័យក្នុងជីវិត មិនថាចំពោះការងារ ឬរឿងគ្រួសារ ជាពិសេសក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គមគ្រប់ៗគ្នា៕
ដោយ ៖ សិលា