ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងអណត្តិទី ៧ នេះ រាជរដ្ឋាភិបាលដាក់ចេញនូវសូចនាករធំៗចំនួន ៥ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបន្តថា វិស័យការងារពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយយើងត្រូវដាក់គោលដៅអោយខ្ពស់ ហើយត្រូវសម្រេចអោយបាន ដើម្បីហុចផលទៅដល់ប្រជាពលរដ្ឋរបស់យើង ស្របតាមសូចនាករទាំង ៥ គឺ ៖ ១-កំណើនសេដ្ឋកិច្ច ២-ការងារ ៣-សមធម៌ ៤-ប្រសិទ្ធិភាព និង៥-ចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិត ចំនួន ១៨១០៨ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល» នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិថ្មីនេះ ត្រូវបន្តថែរក្សានូវសមិទ្ធផលវិជ្ជមានទាំងអស់ដែលបានកសាងដោយលំបាកក្នុងរយៈពេល ៤០ឆ្នាំនេះ និងត្រូវថែរក្សាឱ្យបាននូវស្ថិរភាព សន្តិភាព កុំអោយបាត់បង់ទៅវិញ និងជាពិសេសត្រូវថែរក្សាឱ្យបាននូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងកំណែទម្រង់ដែលយើងទទួលបានជោគជ័យកន្លងមកនេះ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ៖  រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធផលវិជ្ជមានទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក, បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ, បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តថា៖  នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ពលរដ្ឋនឹងឃើញពីលទ្ធផលជាក់ស្ដែង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្នកដែលរិះគន់រាជរដ្ឋាភិបាលថា ក្នុងរយៈពេល ៩០ ថ្ងៃ រដ្ឋាភិបាលមិនបានធ្វើសមិទ្ធផលអ្វីសោះនោះ គឺជាបុគ្គលកំពុងដេកលក់។

សម្ដេចធិបតី ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យស្របនឹងតម្រូវការនៅតាមមូលដ្ឋាន ឧទាហ រណ៍បើសហគមន៍មានប្រើឡានច្រើន គួរផ្ដល់ជំនាញពាក់ព័ន្ធនឹងការជួសជុលរថយន្ត៕

ដោយ ៖ សហការី


ចែករំលែក៖