ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បំភ្លឺ​ករណី​បង្ខាំងមនុស្ស ដោយខុសច្បាប់ បុគ្គលិកនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រលប់​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​ សូម​បំភ្លឺ​ជុំវិញ​ករណី​បង្ខាំងមនុស្ស ដោយខុសច្បាប់ បុគ្គលិកនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ កាលពីពេលកន្លងទៅ​នេះ។ 

ជាក់ស្ដែង​ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធាណជនមេត្តាជ្រាបថា៖ ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមានការស៊ែចែករំលែកគ្នាជាបន្តបន្ទាប់មានករណីអ្នកគ្រប់គ្រង់មជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy បានបិទទ្វាររបងបង្ខាំងបុគ្គលិកខុសច្បាប់កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី នៅចំណុច ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ផ្ទះលេខ ១៤ ផ្លូវ២៥២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បន្ទាប់ពីឃើញព័ត៌មានផ្សព្វផ្សាយដូចមានខ្លឹមសារខាងលើ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការគ្នាជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចុះស្រាវជ្រាវ ហើយបានសាកសួរ នឹងមានការបំភ្លឺពីតំណាងក្រុមហ៊ុន មជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy និងបុគ្គលិកទាំងនោះ គឺការបិទទ្វារ របងក្រុមហ៊ុនខាងលើដើម្បី ចរចារឿងកុងត្រាការងាររបស់ក្រុមហ៊ុន ដោយការចរចារនោះគឺបានអូសបន្លាយលើសម៉ោងបន្តិច បុគ្គលិកផ្សេងៗដែលបានចេញមកខាងក្រៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមុនប្រហែលជាង២០នាក់ បានធ្វើការស្រែកឡូឡា តវ៉ា ថាមាន ការ ឃុំ ឃាំង មនុស្ស ដោយខុសច្បាប់ នូវបុគ្គលិកមិនឱ្យចេញក្រៅ។

ប៉ុន្តែបន្ទាប់មក ខាងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy បានធ្វើការចរាចរត្រូវរ៉ូវគ្នា អ្នកដែលផ្អាកការងារ ឬចង់សម្រាកពីការងារក្រុមហ៊ុនប្រគល់ថវិកាជូនតាមកិច្ចសន្យានិងគោលការណ៍របស់ក្រុមហ៊ុន ចំណែកអ្នកចង់បន្តការងារក្រុមហ៊ុនបានបន្តឱ្យធ្វើកិច្ចសន្យាអនុញ្ញាតពួកគាត់បន្តការងារនៅក្នុងហ៊ុន។ លុះបន្ទាប់មកក៏បើកទ្វាររបងក្រុមហ៊ុន ឱ្យបុគ្គលិកចេញក្រៅវិញនៅម៉ោង១៩:១៥នាទីថ្ងៃខែឆ្នាំដដែល។ ដោយបញ្ហានេះខាងតំណាងក្រុមហ៊ុនបញ្ជាក់ថាបានដោះស្រាយបញ្ចប់រួចរាល់ហើយ ដោយមិនមានការ បង្ខាំងមនុស្សដោយខុសច្បាប់ នោះទេ៕

ដោយ៖ សហការី


ចែករំលែក៖