ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរជនរងគ្រោះរួចដកដាវគំរាមប្លន់យកម៉ូតូបានហើយគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរម៉ូតូជនរងគ្រោះ ហើយដកដាវគំរាមប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ផ្អើលអ្នកធ្វើដំណើរទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះញឹម វិច្ឆិកា ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

    ចំណែកសម្ភារដែលបាត់បង់មានម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង 1L -0487 លេខម៉ាស៊ីនND125ME-5165851 លេខតួND125M-5165851។

    តាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង 1L -0487 ក្នុងគោលបំណងត្រលប់ទៅផ្ទះ។ ពេលជិះមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាចំនួ០២នាក់(មិនស្គាល់អត្តសញ្ញាណ)ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានជិះម៉ូតូតាមពីក្រោយគាត់  ហើយពេលជិះមកទន្ទឹម ជនសង្ស័យអង្គុយខាងក្រោយបានយកដាវមកដាក់លើករបស់គាត់ហើយស្រែកគំរាមឱ្យឈប់ម៉ូតូ ពេលនោះគាត់ភ័យក៏ឈប់និងបានប្រគល់ម៉ូតូ អោយពួកវាតែម្ដង ។

   បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្ដន្ទាទោសអោយខាងតែបាន៕ 

ដោយ៖ សុថាន


ចែករំលែក៖