ភ្នំពេញ៖ អបអរសាទរ! ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាខួបលើកទី៥នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៣)។
គួររម្លឹកថា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយ ជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។
ក្រសួងវប្បធម៌ ក៏បានអំពាវនាវដល់សាធារណជនមេត្តាបន្តចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃវប្បធម៌បេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបីក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
គួរជម្រាបជូនដែរថា កាលពីដើមឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំទៅអង្គការយូណេស្កូដើម្បីបញ្ចូលមរតកវប្បធម៌អរូបី និងសិល្បៈខ្មែរបុរាណមួយចំនួនទៅជាសម្បត្តិបេតិកភណ្ឌពិភព ដែលរួមមានល្ខោនខោល ក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងតម្បាញសូត្រខ្មែរជាដើម។ កាលពីចុងឆ្នាំ២០១៦ អង្គការយូណេស្កូក៏បានដាក់បញ្ចូលទម្រង់សិល្បៈចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌពិភពលោកដែរ។
នាពេលនោះដែរ ល្ខោនខោលគឺជាប្រធានបទក្តៅដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមលើកយកទៅជជែក រហូតឈានដល់ការវាយប្រហារគ្នាដោយពាក្យសម្តី និងសំណេរទៅវិញទៅមក ដោយសារប្រទេសថៃក៏បានត្រៀមស្នើដាក់ល្ខោនរបស់ខ្លួនដែលមានទម្រង់ស្រដៀងនឹងល្ខោនខោលខ្មែរ ទៅជាសម្បត្តិបេតិកភណ្ឌអន្តរជាតិផងដែរ។ ប៉ុន្តែទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានស្វែងរកវិធីដើម្បីបន្ធូរបន្ថយកំហឹងរបស់ពលរដ្ឋ និងធ្វើឲ្យការតវ៉ាត្រឡប់ទៅជាស្ងប់ស្ងាត់វិញ៕
ដោយ៖ សហការី