ភ្នំពេញ ៖ នៅប្រទេសកម្ពុជាគិតត្រឹម ត្រីមាសទី៣ ឆ្នាំ២០២៣ នេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦៧៣៨៣ នាក់បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ហើយកំពុងស្ថិតនៅក្នុងសេវាព្យាបាលថែទាំ។ តែមានអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណ ១២០០០ នាក់ មិនទាន់បានទទួលការព្យាបាលនៅឡើយ ព្រោះពួកគាត់មិនទាន់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន។ នេះជាការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត សុឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបន្តថា៖ ការបង្ការកុំឱ្យឆ្លងមេរោគអេដស៍ គឺជាយុទ្ធសាស្រ្តស្នូលនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍និងជំងឺអេដស៍នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោកផងដែរ។ ការចម្លងមេរោគអេដស៍តាមរយៈការរួមភេទ នៅតែជារបៀបឆ្លងដ៏ចំបងនិងដ៏ស្រួចស្រាវបំផុត ជាពិសេសនៅពេលដែលមានព្រឹត្តការណ៍កម្សាន្តសប្បាយម្តងៗ ដែលបងប្អូនយើងខ្វះការការប្រុងប្រយ័ត្ន និងមិនប្រើប្រាស់ស្រោមអនាម័យ។
លោកវេជ្ជបណ្ឌិត សុឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖ យុទ្ធនាការចុះផ្សព្វផ្សាយអប់រំការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងចុះចែកស្រោមអនាម័យគឺដើម្បីបញ្ជ្រាបការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ និងដាស់តឿនក្រើនរំលឹកដល់កីឡាករអុំទូកនិងបងប្អូនជនរួមជាតិទាំងអស់ សូមឱ្យប្រុងប្រយ័ត្នបង្ការខ្លួនជាប់ជានិច្ចកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះជំងឺអេដស៍មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ៕
ដោយ ៖ សិលា