ក្លិប Everton នឹងដាក់បណ្តឹងឧទ្ធរណ៍ជាផ្លូវការទៅកាន់គណៈកម្មការឯករាជ្យដែលបានផ្តល់ឱ្យពួកគេនូវការកាត់ចេញពី Premier League ចំនួន១០ពិន្ទុដែលមិនធ្លាប់មានពីមុនមកត្រឹមថ្ងៃផុតកំណត់នៃថ្ងៃសុក្រនេះ។
ក្លិបមួយនេះបានទទួលទណ្ឌកម្មកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុ។ ក្លិបបានទទួលស្គាល់ការបំពាននេះ ប៉ុន្តែបាននិយាយថាពួកគេភ្ញាក់ផ្អើល និងខកចិត្តចំពោះភាពធ្ងន់ធ្ងរនៃការពិន័យ។
បណ្តឹងឧទ្ធរណ៍នឹងត្រូវបានស្តាប់ និងបញ្ចប់មុនដំណាច់រដូវកាលនេះ។ ក្លិបមិនត្រូវបានគេប្រាប់ពីរបៀបដែលតួលេខនៃ១០ពិន្ទុត្រូវបានសម្រេចដោយគណៈកម្មការឯករាជ្យដែលបានសម្រេចចិត្តដាក់ទណ្ឌកម្មនោះទេ ហើយមានអារម្មណ៍ថាការពិន័យកីឡាសម្រាប់ការរំលោភលើគណនេយ្យគឺអយុត្តិធម៌។
បណ្តឹងឧទ្ធរណ៍នឹងធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាតុលាការដែលនឹងពិនិត្យមើលសេចក្តីសម្រេចរបស់គណៈកម្មាការវាយតម្លៃដំណើរការ ហើយប្រសិនបើតាមការយល់ឃើញរបស់ពួកគេ ការពិន័យដែលបានចេញគឺយុត្តិធម៌ឬអត់។
សូមបញ្ជាក់ថា ការកាត់១០ពិន្ទុនេះបានទម្លាក់ក្រុម Everton ពីលេខ១៤ក្នុងតារាង Premier League មកលេខ១៩ក្នុងតំបន់កាត់ចោល ហើយឥឡូវនេះចាញ់៥ពិន្ទុពីក្រុមឈរនៅតំបន់សុវត្ថិភាព ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)