ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​​ពិភាក្សាពីយន្តការដោះស្រាយបញ្ហាទឹកជំនន់​ និងកំណត់តំបន់អាទិភាពដោះស្រាយ

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងរៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់​​ នារសៀល​ថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក​​ និង​ឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​ បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ដើម្បី​​​ពិភាក្សា​ពី​យន្តការដោះស្រាយបញ្ហា​ទឹក​ជំ​នន់​នៅទូទាំង​​ប្រទេស ការកំណត់តំបន់​អាទិភាព​ដោះ​ស្រាយ​ និង​យន្តការដោះស្រាយ​បញ្ហាទឹកជំនន់ស្ទឹង​ព្រែកត្នោត។

​កិច្ចប្រជុំបានប្រព្រឹត្តទៅ​ក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងមានការចូលរួមពី​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ ​និង​លោក  កើត ឆែ អភិបាល​រង​សាលារាជធានីភ្នំពេញ​និងឯកឧត្តម លលោកស្រី ថ្នាក់ដឹកនាំ​ក្រសួងនីមួយ​ៗ​ ផងដែរ។

​ជាកិច្ចចាប់ផ្តើម​​ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា​​​ បាន​មានប្រសាសន៍ជម្រាប​ដល់កិច្ចប្រជុំ​អំពី​ស្ថានភាព​ទូទៅ​នៃ​ជំនន់​ក្នុង​ក្របខណ្ឌ​ទូទាំង​​ប្រទេស​នាឆ្នាំកន្លងមក និងជំនន់ ក្នុងឆ្នាំ២០២៣ ដែលបង្កការខូចខាតហេដ្ឋា​រចនាសម្ព័ន្ធទឹក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងរាំងស្ទះដល់សកម្មភាពសេដ្ឋកិច្ច​ និងស្ថានភាពទូទៅនៃ​ជំនន់ស្ទឹងព្រែកត្នោត រួមជាមួយវិធានការចំពោះមុខ​ ​ដើម្បីកាត់​បន្ថយ​គ្រោះ​ទឹកជំនន់។

ពាក់ព័ន្ធនឹងការកំណត់តំបន់ជន់លិចក្នុងអាងស្ទឹង​និងទន្លេ​ លោករដ្ឋមន្ត្រីបានប្រសាសន៍ឱ្យដឹងថា​ ក្រសួងធនធានទឹក និងឧតុនិយម​បានអនុវត្ត​​តាមអនុសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ទី១)​ តំបន់ជំនន់លិចទឹកជាប្រចាំ​​​ ទី២)​តំបន់លិចទឹក​ហើយ និងស្រកទៅវិញ និងទី៣)​តំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា​ ក្រសួងបាន​កំណត់​តំបន់លិចទឹកក្នុងអាងស្ទឹងព្រែកត្នោត ដើម្បីកាត់​បន្ថយ​ការលិចលង់​ ដែលបង្កឱ្យមាន​ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សកម្មភាព​សេដ្ឋកិច្ច និង​អាយុ​ជីវិតប្រជាពលរដ្ឋ តាមបណ្ដាខេត្ត​កំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និង​ខាង​ត្បូង​រាជធានីភ្នំ​ពេញ​។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានលើកឡើងពី​វិធានការហេដ្ឋារចនាសម្ព័ន្ធ​ ជាដំណោះស្រាយ​កាត់​បន្ថយ​ទឹកជំនន់​ ១)បន្តអភិវឌ្ឍន៍​អាង​ស្តុក​ទឹកនៅផ្នែកខាងលើ ២)បន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ​ដោះ​ទឹកជំនន់នៅផ្នែកខាងកណ្តាល និង​ ៣)​បន្តស្តារ និងកសាង ហេដ្ឋារចនាសម្ព័ន្ធដោះទឹក​ជំនន់នៅ​ផ្នែក​ខាងក្រោម រួមជាមួយវិធានការមិន​មែនហេដ្ឋា​រចនាសម្ព័ន្ធ ធ្វើការពិភាក្សា និងទទួលយកនូវអនុសាសន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

សូមបញ្ជាក់ថា​ ស្ទឹងព្រែកត្នោតដែលមានប្រភពទឹកពីភ្នំខ្នងផ្សា ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មានផ្លូវទឹ​ក​ធម្មជាតិប្រវែង ២៣២ គីឡូម៉ែត្រ​ គ្របដណ្តប់លើខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ ភ្ជាប់​ជា​មួយ​ដៃស្ទឹងសំខាន់ៗ មួយចំនួនមាន​ស្ទឹងតាសាល ស្ទឹងតាំងក្រាំង​ ស្ទឹងអារ៉ែង ស្ទឹងឃ្លៀច​ ស្ទឹងស្វាហាប់ ស្ទឹងស្រែខ្លុង​ និងអូរក្រាំងអំបិល និងមាន​អាងស្តុកទឹកមេចំនួន៦ កន្លែង ទំនប់អាងទឹកតាសាល អាងទឹក​អូរកូនត្រុំ អាងទឹកពាមល្វា​ អាងទឹកអូរតោង​ អាងទឹកចាន់ថ្នាល​  និងអាងទឹកអូរស្យា៕

ដោយ ៖ សហការី


ចែករំលែក៖