ព័ត៌មានទាន់ហេតុការណ៍៖

តំណាង លោក ស៊ូ ម៉ុល អភិបាលស្រុកអញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣.២០២៤ នៅវិទ្យាល័យរមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី មុំសាភ័ន នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២៣ បានអញើញចូលរួម បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣.២០២៤ នៅវិទ្យាល័យរមាសហែក ស្ថិតក្នុងឃុំកំពង់ត្រាចស្រុករមាសហែក។

បន្ទាប់ពីលោកគង់ សំអឿន នាយកវិទ្យាល័យរមាសហែក បានអានរបាយការណ៍ រួចមកលោកស្រី មុំ សាភ័ន នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានលើកឡើងថា ប្អូនៗសិស្សានុសិស្ស ដើម្បីឲ្យខ្លួនទទួលបាននូវចំណេះដឹងពិតប្រាកដ មានតែខ្លួនឯងផ្ទាល់ទេ ដែលជាអ្នកខិតខំស្វ័យសិក្សារៀនសូត្រ ក៏ដូចជារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូ បានគ្រប់ពេលវេលា តាមរូបភាពសម្បូរបែប ស្របតាមសម័យឌីជីថល និងបច្ចេកវិទ្យាទំនើប ហើយត្រូវជៀសវាងការចំណាយពេលវេលាឥតប្រយោជន៍ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ឬអំពើពុំគប្បីផ្សេងៗ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន មករៀនបានទៀងទាត់ និងគោរពស្រឡាញ់ តបស្នងសងគុណមាតា បិតា អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ មិត្តភក្តិរបស់ខ្លួន។

លោកស្រិ បន្ថែមថា ដើម្បីឲ្យវិស័យអប់រំមានការរីកចម្រើន ត្រូវតែមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដូចជាសិស្សានុសិស្សខ្លួនឯងផ្ទាល់ លោកគ្រូ អ្នកគ្រូ នាយកសាលា សហគមន៍ ដៃគូអភិវឌ្ឍនានា ជាពិសេសអាណាព្យាបាល ដែលនៅជិតស្និទ្ធជាមួយនឹងកូនចៅខ្លួនជាប្រចាំ ត្រូវបន្ថែមការគាំទ្រលើកទឹកចិត្ត និងគាំពារគ្រប់បែបយ៉ាង ក៏ដូចជាការគាំទ្រយ៉ាងពឹងទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីបន្ថែមថាសម្រាប់សាលារៀនផ្ទាល់ត្រូវពង្រឹងលើអភិបាលកិច្ចល្អ ការពិនិត្យកែសម្រួលរៀបចំកម្មវិធីសិក្សាពង្រឹងវិន័យ ចំណេះដឹង សីលធម៌ ឥរិបទសិស្ស សុខភាព អាហារូបត្ថម្ភ ការលើកទឹកចិត្ត ជំរុញការចូលរួមរបស់មាតាបិតាសហគមន៍ ការបង្កើននូវគុណវុឌ្ឍគ្រូបង្រៀន និងចំណេះជំនាញបទពិសោធន៍ថ្មីៗ ក្នុងការឆ្លើយតបបរិបទបច្ចេកវិទ្យាទំនើបឌីជីថល។

លោក ស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយក នាយករងលោកគ្រូ អ្នកគ្រូ ក៏ដូចជា អាណាព្យាបាល សហគមន៍ និងដៃគូអភិវឌ្ឍនានា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយជ្រោមជ្រែង បង្ហាត់បង្រៀននឹងគាំទ្រដល់សាលារៀនក៏ដូចជាសិស្សានុសិស្ស រហូតទទួលបាននូវលទ្ធផលការសិក្សាគួរជាទីមោទកភាពក្រៃលែង ក៏ដូចជាជួយអភិវឌ្ឍន៍សាលារៀនឲ្យកាន់តែមានការរីកចម្រើនផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖