ភ្នំពេញ ៖ ជីវិតគ្រួសារនីមួយៗ មានរឿងប្លែកៗ បុរសខ្លះអាចធ្វើរឿងរ៉ាវ១នេះទៅរួច ដូចជាគ្មានអាសូរចិត្តដល់ប្រពន្ធបន្តិចសោះ នាងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ បែរជាប្តីដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ពេលប្រពន្ធតាមទាន់ បើករថយន្តរត់ជ្រុលទៅបុករថយន្តCRVមួយគ្រឿង ផ្លោងចូលផ្ទះពលរដ្ឋ ។
សូមបញ្ជាក់ថា : បុរសម្នាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ត្រូវប្រពន្ធតាមទាន់បានបើករថយន្តតូយ៉ូតាព្រូស គេចពីប្រពន្ធជ្រុលទៅបុក និងរថយន្ត CRV នៅផ្លូវបំបែកជាបួន បណ្តាលឲ្យរថយន្តទាំង២គ្រឿងឡើងចិញ្ចើមផ្លូវបុកកន្លែងលក់ដូររបស់ពលរដ្ឋរងការខូចខាតបន្ថែមទៀត ។ ឃើញរឿងបែបនេះ ស្រីណាមិនយំ ប្រពន្ធឯណាមិនស្រក់ទឹកភ្នែក តើការឈឺចាប់របស់គាត់ អ្នកជាប្ដី អាចដឹងពីទំហំទុក្ខសោកនេះបានទេ ? ឬមួយក៏អ្នកទុកភរិយា ជាស្ត្រីដែលគ្មានតម្លៃ និងគ្មានការអាណិតអាសូរ កូនដែលនៅក្នុងផ្ទៃពោះ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ម្តុំកៅដាយ ផ្លូវ២០៥កែងផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ររាជធានីភ្នំពេញ។
អ្វីដែលឈឺចាប់បំផុត ! ត្រង់ថាប្រពន្ធរបស់ខ្លួនមានផ្ទៃពោះជិតគ្រប់ខែទៅហើយ ឆ្លៀតប្រើពេលវេលាទាំងយប់អធ្រាត្រ ទៅសុីផឹក ចូលក្លឹបរាំរែកសប្បាយ ទុកឱ្យប្រពន្ធ ដេកឱបទុកនៅផ្ទះ។ រហូតដល់បង្ខំចិត្ត ទាំងខ្លួនមានផ្ទៃពោះ ស្វែងរកប្ដីកំហូច ទីបំផុតតាមទាន់ឃើញជាក់ស្ដែងតែម្ដង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា : មុនពេលកើតហេតុ បុរសម្នាក់បានចេញពីក្លឹបកម្សាន្តមួយកន្លែង ហើយបានដឹកនារីជាស្រីស្នេហ៍ចូលទៅផ្ទះសំណាក់មួយកន្លែងម្តុំរង្វង់មូលផ្សារដើមថ្កូវ ខណៈពេលនោះ ក៏ត្រូវប្រពន្ធតាមទាន់ បុរសជាប្តីបានដឹកនារីជាស្រីស្នេហ៍ ដោយបើករថយន្តម៉ាកតូយូតាព្រូស ស៊េរីឆ្នាំ២០១០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-5932 គេចពីប្រពន្ធ ឆ្ពោះទៅតាមបណ្ដោយផ្លូវ៣៨៨ ទិសដៅពីត្បូងទៅជើង ។
តាមប្រភពខាងលើបានបន្តថា ដោយស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ៦ខែផងនោះ បានជិះម៉ូតូដេញតាមពីក្រោយ តែមកដល់ចំណុចកើតហេតុម្តុំកៅដាយ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែរថយន្តរបស់បុរសជាប្តីក៏ជ្រុលទៅបុកនឹងរថយន្តម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-6228 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីលិចទៅកើតចំផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត CRV រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកនឹងបង្គោលស្លាកសញ្ញា បង្ហាញលេខផ្លូវ បាក់រលំអស់ចំនួន១ដើម ព្រមទាំងរានទេវតាអស់ចំនួន១ផងដែរ តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។
ដោយឡែកខាងរថយន្តតូយ៉ូតាព្រូសវិញ ក៏រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកនឹងកន្លែងលក់អុស បណ្តាលឲ្យរងការខូចខាត បាក់បង្គោលរោងអស់១ និងខូចខាតគំនរអុសតិចតួច ព្រមទាំងធ្វើឲ្យរងការខូចខាតផ្នែកខាងមុខ ភា្លមៗនោះដែរ ។ នារីជាស្រីស្នេហ៍ជិះក្នុងរថយន្តបានបើកទ្វាររថយន្តរត់គេចទៅបាត់ ដោយបន្សល់ទុកបុរសជាប្តីនៅតតាំងជាមួយស្ត្រីជាប្រពន្ធនៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុ ក៏មានតំណាងភាគីបានមកជួយសម្របសម្រួលគ្នា ដោយភាគីរថយន្ដតូយ៉ូតាព្រូស សុខចិត្តសងសំណងទៅលើការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចហើយក៏បាននាំប្តីប្រពន្ធទៅដោះស្រាយគ្នានៅផ្ទះជាបន្តទៀត ។
សូមបញ្ជាក់ថា , ទង្វើដ៏អាក្រក់មួយនេះ កុំថាឡើយត្រឹមប្រពន្ធរបស់ខ្លួន មានការ ឈឺចាប់ ក្រៀមសួត ក្អួតឈាម ស្ទើរខ្លោចបេះដូង សូម្បីស្ត្រីឯទៀត នៅក្នុងសង្គមជាតិយើង មិនប្រាថ្នាឡើយ ប្តីបែបៗនេះ ។ អ្នកពិតជាបន្សល់ទុកនូវ ភាពអាម៉ាស់ ប្រសិនបើអ្នក ជាបុរស ជាប្តី ពិតប្រាកដ អោយតម្លៃភរិយា ៕
ដោយ ៖ សហការី