ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នានាក្បែរកន្លែងកើតហេតុ នារសៀលថ្ងៃចន្ទ ៧រោច ខែកគ្គិក ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះបានឱ្យដឹងថា មានបុរសវ័យចំណាស់ម្នាក់បានលង់ទឹកស្លាប់យ៉ាងសង្វេគ នៅគ្រាដែលបុរសរងគ្រោះនាំកូន និងចៅទៅរកត្រី(អូសឈឹប)។
ប្រភពរាយការណ៍ដដែលឱ្យដឹងទៀតថា ហេតុការណ៍មានមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់នេះ គឺស្ថិតនៅត្រង់ចំណុចរណ្ដៅដីមួយកន្លែង ក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកនៅពេលគាត់ទៅរកត្រី(អូសឈឹប)នៅកន្លែងកើតហេតុ ដោយទៅជាមួយកូននិងចៅ ប៉ុន្តែជាអកុសលបានលង់ទឹកស្លាប់បែបនេះ ៕
ដោយ៖ ប៉ឹម ពិន