ព័ត៌មានទាន់ហេតុការណ៍៖

លង់ទឹក​រណ្ដៅ​ដីស្លាប់យ៉ាងសង្វេគនៅគ្រានាំកូននិងចៅទៅរកត្រី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដី​រាយការណ៍​នានាក្បែរកន្លែងកើតហេតុ នារសៀលថ្ងៃចន្ទ ៧រោច ខែកគ្គិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៣នេះបានឱ្យដឹងថា មានបុរសវ័យចំណាស់ម្នាក់បានលង់ទឹកស្លាប់យ៉ាងសង្វេគ នៅគ្រាដែលបុរសរងគ្រោះនាំកូន និងចៅទៅរកត្រី(អូសឈឹប)។​

   ប្រភពរាយការណ៍ដដែលឱ្យដឹងទៀតថា ហេតុ​ការណ៍​មានមនុស្ស​លង់ទឹក​បណ្ដាល​ឲ្យ​ស្លាប់​នេះ គឺស្ថិតនៅត្រង់ចំណុចរណ្ដៅដីមួយកន្លែង ក្នុងភូមិ​ព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។​

    ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ​(ស្លាប់)​មានឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ សពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ច​ជំនាញសហការ​ជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យ និងធ្វើការស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដើម្បី​យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ជនរងគ្រោះ​ស្លាប់ដោយសារលង់ទឹកនៅពេលគាត់ទៅរកត្រី(អូសឈឹប)នៅកន្លែងកើតហេតុ ដោយទៅជាមួយកូននិងចៅ ប៉ុន្តែ​ជាអកុសលបានលង់ទឹកស្លាប់បែបនេះ ៕

ដោយ៖ ប៉ឹម ពិន​


ចែករំលែក៖