ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹក​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ នាឱកាស​អញ្ជើញប្រកាស​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិ​ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឱ្យអនុវត្តន៍​នៅក្នុង​ឆ្នាំ២០២៣នេះ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា​ អត្រាភាពក្រីក្រនៅកម្ពុជាបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ ដែលអត្រាភាពក្រីក្រមាន ជាង ១៧ ភាគរយ ធ្លាក់មកក្រោម ១០ ភាគរយនៅឆ្នាំ២០១៧ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រាភាព ក្រីក្រនៅកម្ពុជាកើនដល់ជាង ១៧ ភាគរយឡើងវិញ។

-សម្តេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម ខណៈនៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

-សម្ដេចធិបតី ថ្លែងថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។​ សម្តេចធិបតី ថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកប្រជាជនចោលនោះទេ តែជារាជរដ្ឋាភិបាលមួយ ដែលបុរេសកម្ម។ 

-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា៖ «រាជរដ្ឋាភិបាល ជាគោលការណ៍នៅក្នុងស្មារតី មិនទុកអ្នកណាម្នាក់ចោល ដោយមិនយកចិត្តទុកដាក់នោះទេ រាជរដ្ឋាភិបាលយើង មិនមែនធ្វើសកម្មភាពតែពេលល្អ ពេលដែលលំបាកទុកប្រជាជនចោលនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល គឺជារដ្ឋាភិបាលមួយដែលបុរេសកម្ម នៅក្នុង ៤០ឆ្នាំនេះ ប្រវត្តិនៃការតស៊ូរំដោះប្រទេស រហូតទៅដល់ការបង្រួបបង្រួមជាតិ និងការជួយទៅដល់ប្រជាពលរដ្ឋ»។

-សម្ដេច​ធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយគាំពាំសង្គម ជាបន្តបន្ទាប់​រួចមកហើយ។ 

-សម្តេចធិបតី ថ្លែងថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាផែនទីបង្ហាញផ្លូវក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។

– សម្តេចធិបតី ថ្លែង​ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសាឆ្នាំ ២០២៤ ខាងមុខតទៅ។

-សម្ដេចធិបតី ថ្លែងថា​ យើងមិនអាចធានាបានថា ពិភពលោកនឹងមានអ្វីកើត ឡើងដែលអាចប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងវិបត្តិសង្គមនានានោះទេ។ សម្ដេច​ បន្ថែម​ថា​ យើងសង្ឃឹមនូវអ្វីដែល ល្អនឹងកើតឡើង ប៉ុន្តែត្រូវត្រៀមលក្ខណៈចំពោះអ្វីដែលអាក្រក់ ដែលនឹងអាចកើតមានឡើងផងដែរ។

-សម្តេចធិបតី​ ថ្លែងថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤រួមមាន៖

– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

– កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា

– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព

– កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)

-សម្តេចធិបតី ថ្លែងថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវ ការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥ដុល្លារនៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២​ ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រ ឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា៕

ដោយ៖ ស​ តារា


ចែករំលែក៖