ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការរៀបចំសន្និសីទសារព័ត៌មានស្តីពី “ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ឃុំឆ្នាំ២០២៣» ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សន្និសីទ សារព័ត៌មាននេះ មានគោលបំណងធ្វើវឌ្ឍភាពព័ត៌មានជូនបេក្ខជន និងសាធារណជន ឆ្ពោះទៅកាន់ការប្រឡង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង ដើម្បីឱ្យចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ត្រូវបានប្រកាសបើកឱ្យបេក្ខជនចុះឈ្មោះប្រឡង ប្រជែងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយការដាក់ពាក្យត្រូវបានបញ្ចប់ បេក្ខជនដែលបានចាប់អារម្មណ៍ និងចុះឈ្មោះក្នុងប្រព័ន្ធមានចំនួន១២,៧៤៤នាក់។ ក្នុងចំណោមបេក្ខជនដែល បានចូលប្រើប្រាស់ប្រព័ន្ធដូចបានរៀបរាប់ខាងលើ មានបេក្ខជនចំនួន៧,៤២២នាក់ បានបំពេញ និងដាក់ពាក្យ ចូល រួមប្រឡងប្រជែង។ ទោះបីជាយ៉ាងនេះក្តី បេក្ខជនដែលបានដាក់ពាក្យទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌ ដែល ស្របតាមនីតិវិធីនៃការប្រឡង និងមានគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីក្លាយខ្លួនជាមន្ត្រីកសិកម្មឃុំ ជាពិសេសត្រូវមាន ជំនាញឯកទេស ឬបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដែលមានកម្រិតចាប់ពីវិញ្ញាបនបត្រឡើងទៅពាក់ព័ន្ធទៅនឹងវិស័យ កសិកម្ម។ ជាលទ្ធផលបឋម បេក្ខជនដែលត្រូវបានអនុម័តឱ្យចូលរួមប្រឡងមានចំនួន ៣,៣២៩នាក់។ បេក្ខជនដែល ទទួលបានអនុម័តរួចរាល់ហើយ អាចពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងកែតម្រូវលើព័ត៌មានរបស់ខ្លួនតាមរយៈតំណ https://lms.era.gov.kh/qrlink/31 ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ត្រឹមម៉ោង ៥រសៀលជាកំហិត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគួរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្នា មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដដូចអ្វីដែល សម្តេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី បានលើកឡើងថា “ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ ចិត្ត”។” លោករដ្ឋមន្ត្រីបានបើកទូលាយចំពោះការចូលរួមពីសាធារណជនថា “គណៈកម្មការរៀបចំការប្រឡង លើកទឹកចិត្តឱ្យមានការចូលរួមតាមដានជាប្រចាំទាំងអស់គ្នាលើដំណើរការនៃការប្រឡងក្នុងឆន្ទៈពិតប្រាកដចំពោះ ការកែទម្រង់រដ្ឋបាលសាធារណៈ និងសូមស្វាគមន៍រាល់មតិចូលរួមដើម្បីស្ថាបនាជាវិជ្ជមាន។”
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្ដល់ការឯកភាពដល់ការ ជ្រើសរើសមន្ត្រីកសិកម្មចំនួន ១៦០០នាក់ ក្នុងរយៈពេល៣ឆ្នាំ ក្នុងនោះ ក្នុងឆ្នាំ២០២៣ ចំនួន២៥០នាក់, ក្នុងឆ្នាំ ២០២៤ ចំនួន៨០០នាក់ និងក្នុងឆ្នាំ២០២៥ ចំនួន៥៥០នាក់ ដើម្បីបែងចែកទៅតាមឃុំ-សង្កាត់ដែលមាន សកម្មភាពកសិកម្មនៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជារៀបចំជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន២៥០នាក់ ដើម្បីដាក់ពង្រាយនៅតាមឃុំចំនួន២៥០ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន១៧។ មន្ត្រីកសិកម្ម ឃុំ-សង្កាត់ទាំងអស់នឹងស្នាក់នៅជាអចិន្ត្រៃយ៍នៅមូលដ្ឋាន ដោយផ្សារភ្ជាប់ការងារនិងជីវភាពផ្ទាល់ជាមួយប្រជា កសិករប្រមូល ព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពររបស់ ប្រជាកសិករមកក្រសួងដើម្បីពិនិត្យ និងស្វែករកដំណោះស្រាយបានទាន់ពេលវេលា។
ទាក់ទងនឹងការជ្រើសរើសមន្ត្រីកសិកម្មឃុំនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា “មន្រ្តីកសិកម្មឃុំដែលជ្រើសរើសថ្មី នឹងជួយផ្ដល់ជំនាញបច្ចេកទេសទាន់ពេលវេលា ដល់កសិករនៅតាមមូលដ្ឋានឃុំ-សង្កាត់សំដៅលើកកម្ពស់ជីវភាពនិងបង្កើនប្រាក់ចំណេញរបស់កសិករ ដោយ កាត់បន្ថយថ្លៃដើមជាអតិបរមា។”
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំពោះវិញ្ញាសាប្រឡងនឹងត្រូវបានរៀបចំជា៣ផ្នែកគឺ៖ (១) វិញ្ញាសា សរសេរ ជំនាញកសិកម្ម រយៈពេល២ម៉ោង (២) វិញ្ញាសាពហុចម្លើយ រយៈពេល១ម៉ោង ដែលមានរួមបញ្ចូលគ្នានូវ ជំនាញកសិកម្ម និងចំណេះដឹង ទូទៅពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ មុខងារសាធារណៈ ក្រមសីលធម៌ គណិត សាស្ត្រ ព័ត៌មានវិទ្យា ភូមិសាស្ត្រ និង(៣) វិញ្ញាសាសរសេរភាសាអង់គ្លេស រយៈពេល១ម៉ោង។ វិញ្ញាសាប្រឡងទាំង អស់នឹងត្រូវបានរៀបចំតាក់តែងក្នុងថ្ងៃតែមួយ ពោលគឺរៀបចំវិញ្ញាសានៅពេលព្រឹក ហើយចាប់ផ្តើមប្រឡងពីម៉ោង ១២ថ្ងៃត្រង់តទៅ ក្រោមការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជន កម្ពុជា។ សន្លឹកកិច្ចការនីមួយៗ មានការចុះលេខសម្ងាត់ មានការកាត់ក្បាលសន្លឹកកិច្ច ហើយមានការពិនិត្យកំណែ ជាលើកទី២ មុនឈានដល់ការបូកពិន្ទុតាមប្រព័ន្ធអនាមិក។
បេក្ខជនដែលចូលរួមប្រឡងប្រជែងត្រូវគោរពវិន័យ និងបទបញ្ញតិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។ ក្នុង ករណីបេក្ខជនប្រព្រឹត្តខុសពីបទបញ្ញត្តិប្រឡង ដូចជាបន្លំឯកសារ បន្លំបេក្ខភាព យកទូរស័ព្ទចូល។ល។ នឹងធ្លាក់ ជាស្វ័យប្រវត្តិ លុបឈ្មោះចេញពីបញ្ជី និងដកចេញពីបេក្ខភាពប្រឡងរហូត ព្រមទាំងត្រូវទទួលខុសត្រូវតាមច្បាប់ ជាធរមានផ្សេងទៀតផងដែរ។ បេក្ខជនអាចចូលរួមពិនិត្យដំណើរការនៃការធ្វើកំណែរហូតដល់ការប្រកាសលទ្ធផល ហើយមានឱកាសប្តឹងតវ៉ាក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីចេញលទ្ធផលផ្អែកលើបែបបទ និងនីតិវិធីនៃការប្រឡង ប្រជែង។ បេក្ខជនជ័យលាភីដែលបានប្រឡងជាប់ជាស្ថាពរក្លាយជាមន្ត្រីកសិកម្មឃុំ នឹង ត្រូវឆ្លងកាត់ការធ្វើកម្មសិក្សា មុនពេលត្រូវបានតាំងស៊ប់ក្នុងប្រភេទក្របខ័ណ្ឌ ក, ខ និងគ ផ្អែកលើកម្រិតបណ្តុះបណ្តាលរបស់សាមីខ្លួន។ មន្ត្រី កសិកម្មឃុំនឹងទទួលបានប្រាក់បៀរវត្សទាបបំផុតចាប់ពី១,៤០០,០០០រៀល ទៅតាមប្រភេទក្របខ័ណ្ឌ និងទទួល បានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦០,០០០រៀល ក្នុងមួយខែ រួមទាំង អត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ត្រីរាជការ ស៊ីវិល។ បេក្ខជនដែលបានជាប់ជាស្ថាពរ នឹងត្រូវបានចាត់បញ្ជូនទៅអនុវត្តកម្មសិក្សាការងារតាមគោលដៅនីមួយៗ ដោយមិនត្រូវបានអនុញាតិឱ្យផ្លាស់ប្តូរទីកន្លែងបំពេញការងារដោយហេតុផលណាមួយឡើយ។ ក្នុងករណីដែល មានការស្នើសុំផ្លាស់ប្តូរកន្លែងការងារ មានន័យថាសាមីជននោះបោះបង់ក្របខ័ណ្ឌមន្ត្រីរាជការ។
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលមានក្រសួងមុខងារសាធារណៈ, ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើ ពុករលួយ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ប្តេជ្ញារៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ ដោយ ឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង កំណែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការព្រមទាំងសម្រេចឱ្យបាននូវ ចក្ខុវិស័យដឹកនាំប្រកបដោយភាពស្វាហាប់ និងមានថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សុខ ខេមរា