ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុមដៃប្រដាប់ដោយកាំបិតផ្គាក់ដេញកាប់យុវជនពីរនាក់បណ្ដាលឱ្យរងរបួសម្នាក់ ចំណែកម៉ូតូរងការខូចខាត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចខាងក្រោយការាសសាំងប្រមាណជាង១០០ម៉ែត្រផ្លូវចូលទៅរោងចក្រហាត់ឌីស ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងទំនើងមួយក្រុមបានជិះម៉ូតូក្នុងទិសដៅពីរោងចក្រហាត់ឌីសឆ្ពោះទៅផ្លូវជាតិលេខ៥ ពោលគឺជិះបញ្ច្រាសទិសគ្នារវាងជនរងគ្រោះនឹងជនបង្ក ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិតខ្វែវ ជិះម៉ូតូដេញកាប់ទៅលើយុវជន២នាក់ ខណៈកំពុងជិះម៉ូតូមកពីទិញស្រាបៀរ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រួចជនបង្ករត់គេចខ្លួនបាត់។ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់ផ្សារកណ្ដាល បានចុះមកធ្វើការត្រួតពិនិត្យ ធ្វើកំណត់ហេតុ និងសាកសួរជុំវិញរឿងរ៉ាវករណីខាងលើ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់យកមកអនុវត្តតាមនីតិវិធី ។ ពាក់ព័ន្ធករណីខាងលើនេះដែរពលរដ្ឋបានសម្តែងការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ខណៈដែលឃើញពីសកម្មភាពក្មេងទំនើងដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងហាក់បីដូចជាមានការកើនឡើងនៅពេលយប់។ ទោះយ៉ាងណាសមត្ថកិច្ចប៉ុស្ដិ៍ខាងលើបានប្រាប់ថាៈកម្លាំងកំពុងតែស្វែងរកជនបង្កនៅតាមផ្លូវសាធារណៈ ធ្វើឲ្យមានរបួសស្នាម កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញា ៕
ដោយ៖ វណ្ណា