ព័ត៌មានទាន់ហេតុការណ៍៖

សមាជិករដ្ឋសភាកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ចែករំលែក៖

ទីក្រុងម៉ានីល ៖ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ លោកបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងលោក សុខ ប៊ន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន  (គណៈកម្មការទី៥) នៃរដ្ឋសភា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅស្នាក់ការកណ្តាលធនាគារADB ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ 

សិក្ខាសាលានេះ រៀបចំដោយសហព័ន្ធអន្តរជាតិភាពជាដៃគូសុវត្ថិភាពចរាចរណ៍សកលនៃកាកបាទក្រកហម និងអឌ្ឍច័ន្ទក្រហម ដោយសហការជាមួយADB ដែលមានអ្នកចូលរួមចំនួនប្រមាណជាង៤០០នាក់ មកពី២៣ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ 

នៅក្នុងអង្គសិក្ខាសាលានេះផងដែរ លោកបណ្ឌិត លី ឆេង បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបទបង្ហាញចែករំលែកនូវបទពិសោធន៍របស់កម្ពុជា លើការងារសិក្សានិងអនុម័តច្បាប់ ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួនលើការងារគ្រប់គ្រងល្បឿនយានយន្ត ដើម្បីឈានទៅសម្រេចបាននូវផែនការសកម្មភាពក្នុងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាសកល ឆ្នាំ២០២១-២០៣០៕

ដោយ ៖ សហការី


ចែករំលែក៖