ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបដិសេធ និងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការបដិសេធ និងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily ចំពោះការចោទប្រកាន់ អំពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំងជា សមាជិកគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន គណបក្សប្រជាជនកម្ពុជា សូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលផ្សាយដោយ The Cambodia Daily ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួល បានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។ ព័ត៌មាននេះ គឺជាការបំភ្លៃ បំផ្លើស ញុះញ៉ុង មានចរិកបំពុលសង្គម មានចេតនាធ្វើឱ្យប៉ះពាល់ កិត្តិនាម កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមាជិក គណបក្សប្រជាជនកម្ពុជា។ សារព័ត៌មាន The Cambodia Daily ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងមាន ការទទួលខុសត្រូវចំពោះការចុះផ្សាយព័ត៌មានពិត ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នខ្លួននិងសង្គម។

គណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនសាធារណជនថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសប្រចាំឆ្នាំរបស់គណបក្ស នឹងរៀបចំនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ក្រោយ ពីទទួលបានជោគជ័យនិងការគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ពីប្រជាជន ដែលនេះ សរបញ្ជាក់អំពីការឯកភាពផ្ទៃក្នុងដ៏រឹងមាំនិងមិនអាចបំបែកបំបាក់បាន។ ក្នុងនាមគណបក្សឈ្នះឆ្នោតដឹកនាំ រាជរដ្ឋាភិបាលអាណត្តិទី៧ និងក្រោមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា ផ្តោតសំខាន់លើការកសាង ធនធានមនុស្សប្រកបដោយគុណភាព និងមានឆន្ទៈខ្ពស់ដើម្បីបម្រើជាតិនិងប្រជាជន។

ហេតុដូច្នេះ ការជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្អែកទៅលើសមត្ថភាព បទពិសោធន៍ គុណវុឌ្ឍ និងចរិយាធម៌ ដែលមានគុណតម្លៃឆ្លើយតបទៅនឹងតម្រូវការ ធនធានមនុស្សសម្រាប់ការដឹកនាំបក្ស និងរដ្ឋ ដើម្បីការពារសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេស ការការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃគណបក្សប្រជាជនកម្ពុជា បានតស៊ូ លះបង់ ការពារ និងកសាងសង្គមជាតិមាតុភូមិកម្ពុជា ឱ្យមានការអភិវឌ្ឍនិងមានកិត្តិនាមនៅក្នុងឆាកជាតិនិងអន្តរជាតិមក ទល់បច្ចុប្បន្ន៕

ដោយ ៖ សិលា


ចែករំលែក៖