ប្រទេសជប៉ុន ៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ តាមការអញ្ជើញរបស់លោកស្រី Miwa Omari ប្រធានមជ្ឈមណ្ឌល Global Resource Canter (GRC) លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា “Nagano Handshake Seminar” នៅសាកលវិទ្យាល័យណាហ្គាណុ (Nagano) ខេត្តណាហ្គាណុ ដែលរៀបចំដោយមជ្ឈមណ្ឌលខាងលើ ដោយមានការចូលរួមពីសំណាក់ លោក Norihiko Shiratori ប្រធានក្រុមហ៊ុន MicroStone Inc. លោក Yoichi Ijima ប្រធានក្រុមហ៊ុន Ueda Plastic Inc. លោកស្រី Miyuki INUI គណៈប្រឹក្សាជាន់ខ្ពស់មជ្ឈមណ្ឌល GRC លោក Yit Virasy នាយកអង្គការ Future Light Organization (FLO) មកពីប្រទេសកម្ពុជា លោកនាយករងសាកលវិទ្យាល័យណាហ្គាណុ ព្រមទាំងប្រធានក្រុមហ៊ុនជប៉ុន ពាណិជ្ជករជប៉ុន និងសិស្សនិស្សិតមកពីសាកលវិទ្យាល័យណាហ្គាណុ និងសាកលវិទ្យាល័យ Shinshu សរុបប្រមាណជាង ៦០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ឯកអគ្គរាជទូត បានសម្តែងការគាំទ្រចំពោះការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពី៖
១) យុទ្ធសាស្ត្របញ្ចុកោណរបស់រាជដ្ឋាភិបាលកម្ពុជាថ្មី ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងត្រូវបានអនុវត្តក្នុងដំណាក់កាលទី១ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
២)ការបន្តរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលធ្វើឱ្យកម្ពុជា បានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ។
៣) កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានត្រលប់មក ៥.២ ភាគរយនៅឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងអត្រា ៥.៦% នៅឆ្នាំ២០២៣ និង ៦.៦% នៅឆ្នាំ២០២៤ ។
៤) ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងជប៉ុនមានជាង ១,៩៤៨លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០២១ (១,៧០១លានដុល្លារ)។ តាមរយៈក្របខ័ណ្ឌ RCEP ទំហំពាណិជ្ជកម្មសរុបក្នុងរយៈពេល ១១ខែនៃឆ្នាំ២០២៣ មានចំនួនជាង ១,៦៣៩លានដុល្លារ មានការថយចុះតែបន្តិច (៨%) បើប្រៀបធៀបទៅនឹងទំហំពាណិជ្ជកម្មសរុបនៃ ១១ខែនៃឆ្នាំ២០២២ (១,៧៨៩ លានដុល្លារអាមេរិក) ។
៥) ការកែលម្អបរិយាកាសធុរកិច្ច ច្បាប់វិនិយោគថ្មី ដែលត្រូវបានរៀបចំកាលពីខែតុលា ឆ្នាំ២០២១ រួមជាមួយនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់ស្តីពីការវិនិយោគកាលពីខែមិថុនា ឆ្នាំ២០២៣ ពិតជាផ្តល់អ្នកវិនិយោគិនបរទេសទាំងអស់នូវ ការលើកទឹកចិត្ត ការធានា និងការការពារដ៏ល្អបំផុត។
ក្នុងឱកាសនោះផងដែរ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម និងលោក កឹម បូរីវ៉ាត់ លេខាទី២ ក៏ត្រូវបានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងផ្សព្វផ្សាយដល់អ្នកវិនិយោគជប៉ុន ពាណិជ្ជករជប៉ុន ក៏ដូចជាសិស្សនិស្សិតជប៉ុន ឱ្យយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសពាណិជ្ជកម្មថ្មីៗ ឱកាសវិនិយោគនៅកម្ពុជា ច្បាប់វិនិយោគ ព្រមទាំងវិស័យវប្បធម៌ និងទេសចរណ៍នៅកម្ពុជា ក្នុងទិសដៅកៀងគរ និងជំរុញកំណើនអ្នកវិនិយោគិនជប៉ុន និងអ្នកទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពី ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសម្តេចធិបតី នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី KISHIDA Fumio ដើម្បីពង្រឹងបន្ថែមទៀតនូវ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ក្រៅពីគម្រោងជួបជាមួយសហគមន៍កម្ពុជានៅប្រទេសជប៉ុន សម្តេចធិបតី ក៏នឹងជួបប្រជុំទ្វេភាគីជាមួយក្រុមហ៊ុនឯកជនជប៉ុនធំៗ និងចូលរួមសិក្ខាសាលាវិនិយោគកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងតទៅមុខទៀត។
ជាចុងក្រោយ លោកឯកអគ្គរាជទូត បានលើកទឹកចិត្ត និងជំរុញពាណិជ្ជករ និងអ្នកវិនិយោគជប៉ុនទាំងអស់ ឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើងនៅកម្ពុជា ដើម្បីឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ៕
ដោយ ៖ សហការី