សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា អេស៉្បាញ អៀរឡង់ បែលហ្ស៉ិក និងម៉ាល់ត៍ (Malta) ចង់ឱ្យក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ធ្វើការជជែកដេញដោល អំពីស្ថានការណ៍នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ហើយរួមគ្នាអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ដែលអាចឋិតថេរបានយូរមួយ ដើម្បីឆ្ពោះទៅបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។
ក្រុមមេដឹកនាំនៃប្រទេស EU ទាំង២៧ នឹងត្រូវជួបប្រជុំគ្នានាថ្ងៃទី១៤-១៥ ខែធ្នូ នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ដើម្បីពិភាក្សាអំពីការជួយអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី និងអំពីកែសម្រួលលើកញ្ចប់ថវិការយៈពេលវែង របស់ EU។ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា ក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំផងដែរ។
លិខិតពីសំណាក់នាយករដ្ឋមន្រ្តីនៃប្រទេសទាំង៤ ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដែលជាប្រធានកិច្ចប្រជុំនាសប្តាហ៍ក្រោយ បានសង្កត់ធ្ងន់ពីភាពធ្ងន់ធ្ងរនៃសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស នៅតំបន់ Gaza និងលទ្ធភាពនៃការផ្ទុះរីករាលដាលសង្រ្គាមនៅទូទាំងតំបន់។
សេចក្តីសង្ខេបនៃលិខិតខាងលើ បាននិយាយថា ក្រុមមេដឹកនាំប្រទេស EU គួរតែឈានដល់គោលជំហររួមមួយ ដើម្បីអំពាវនាវទៅកាន់ភាគីជម្លោះ ឱ្យប្រកាសបទឈប់បាញ់មនុស្សធម៌ឋិតថេរបានយូរមួយ ដែលអាចនាំឆ្ពោះទៅរកការបិទបញ្ចប់អរិភាព និងស្នើឱ្យមានវិធានការដើម្បីការពារជនស៉ីវិលនៅ Gaza ជាបន្ទាន់។ ប្រទេសទាំង៤ ដែលកន្លងមកបានរិះគន់អ៉ីស្រាអែល ជុំវិញការដោះស្រាយជម្លោះ ក៏បានអំពាវនាវផងដែរ ឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយស្តីពី Gaza ឱ្យបានឆាប់តាមតែអាចទៅរួច ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋប៉ាឡេស្ទីន នៅទន្ទឹមគ្នាជាមួយអ៉ីស្រាអែល៕ ដោយ៖ ធីរីណា
រូបថត៖ THX