ភ្នំពេញ ៖ ក្រុមជនជាតិចិនប្រមាណ១០នាក់ត្រូវបានសមត្ថកិច្ចចម្រុះចាប់វាយខ្នោះនិងឃាត់ខ្លួនបន្ទាប់ពីអ្នកទាំងនេះប្រើអំពើហិង្សាទៅលើបុរសចិន២នាក់ទៀត រួមទាំងវាយកម្ទេចរថយន្ត១គ្រឿងនៅលើដងផ្លូវបណ្តាលឱ្យខូចខាត កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់មហាវិថីព្រះមុនីវង្ស ស្ថិតនៅទល់មុខធនាគារវីង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ពួកគេដូចជាព្រហើន ហាក់មិនខ្លាចសមត្ថកិច្ចសោះ រឿងបែបនេះកើតមានជាញឹកញាប់ ករណីខ្លះប្រើហិង្សាវ៉ៃតប់គ្នាពេញហាងផឹកសុី សម្របសម្រួលគ្នាក៏ចប់ ហើយសមត្ថកិច្ចក៏ដកខ្លួន ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនមួយក្រុមមិនដឹងថាមកពីណានោះទេ បានស្ទាក់មុខរថយន្ត១គ្រឿងម៉ាក KIA ពណ៌ស មានផ្លាកលេខភ្នំពេញ 2BI-7628 ដែលកំពុងតែបើកបរតាមបណ្តោយវិថីព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ។
អ្នកឃើញហេតុការណ៍បានបន្តថា៖ ជនមួយក្រុមនោះបានលោតធាក់កញ្ចក់មុខរថយន្ត ឯខ្លះទៀតប្រើដុំឥដ្ឋការ៉ូឡានិងកាំបិតបុ័ងតោរួមទាំងអាវុធផ្សេងៗទៀត វាយកម្ទេចរថយន្ត១គ្រឿងនោះ ខណៈខាងក្នុងរថយន្តគេឃើញមានបុរសចិនម្នាក់ជាអ្នកបើកបរនិងម្នាក់ទៀតរួមដំណើរជាមួយ ។ បន្ទាប់ពីវាយកម្ទេចរថយន្តរួច ក្រុមជនបង្កខាងលើបានព្យាយាមប្រើហិង្សាទៅលើអ្នកជិះរថយន្តដែលជាជនរងគ្រោះទាំង២នាក់នោះ ប្រៀបដូចជាក្រុមចាប់ជំរិត ដោយប្រើកាំបិតកាប់ចំដើមដៃជនរងគ្រោះ ព្រមទាំងព្រួតវាយរហូតរងរបួសធ្ងន់ផងដែរ ។
ឃើញហេតុការណ៍នេះ ប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗ ហើយបន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចចម្រុះខណ្ឌបឹងកេងកងបានចុះមកកាន់ទីតាំងកើតហេតុ ឃាត់ក្រុមជនបង្កបានប្រមាណ១០នាក់ដែលគេនិយាយថាជាជនជាតិចិនបង្កហិង្សាតាមដងផ្លូវ បង្កភាពអនាធិបតេយ្យបំផុត។
នៅក្បែរទីតាំងកើតហេតុ សមត្ថកិច្ចរកឃើញមានកាំបិតបុ័ងតោ១ដើមនិងដុំឥដ្ឋការ៉ូឡាជាច្រើនដុំ ដែលក្រុមជនបង្កប្រើប្រាស់ពេលបង្កហិង្សាលើជនរងគ្រោះ។ មកដល់រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មិនទាន់មានរបាយការណ៍ណាមួយពីសមត្ថកិច្ចបញ្ជាក់ពីដំណើរការនីតិវិធីដល់ណានោះឡើយ ៕
ដោយ ៖ សហការី