ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី១២ខែធ្នូអង្គការសហប្រជាជាតិបើកមហាសន្និបាតស្តីពីស្ថានភាពហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូវយ៉ក) ដើម្បីពិភាក្សាអំពីវិបត្តិមនុស្សធម៌នៅឯតំបន់ហ្គាហ្សាស្រ្ទីប (Gaza Strip) បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានបោះឆ្នោតវេតូសំណើមួយនៅក្រុមប្រឹក្សាសន្តិសុខ UN ដែលមានគោលដៅអំពាវនាវបទឈប់បាញ់ ក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីន។
អ្នកនាំពាក្យប្រធានមហាសន្និបាត UN បានឱ្យដឹងថា កិច្ចប្រជុំពិសេសមួយនៃមហាសន្និបាតត្រូវបានស្នើឱ្យរៀបចំឡើងនៅរសៀលថ្ងៃអង្គារ ពីសំណាក់អ្នកតំណាងនៃប្រទេសអេហ្ស៉ីបនិងម៉ូរីតានី ដែលមានឋានៈជាប្រធានក្រុមអារ៉ាប់ និងប្រធានអង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម។ យោងតាមប្រភពការទូត មហាសន្និបាត UN អាចនឹងបោះឆ្នោតលើសេចក្តីសម្រេចមួយស្តីពីបទឈប់បាញ់ អំឡុងកិច្ចប្រជុំថ្ងៃអង្គារនោះ។
ខ្លឹមសារព្រាងនៃសេចក្តីសម្រេចខាងលើ ត្រូវគេរំពឹងថានឹងមានពាក្យពេចន៍ស្រដៀងគ្នាទៅនឹង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលត្រូវបានអាមេរិកវេតូកាលពីថ្ងៃសុក្រសប្តាហ៍មុនដែរ គឺបង្ហាញក្តីបារម្ភជាខ្លាំងអំពីស្ថានការណ៍មនុស្សធម៌ដ៏អន្តរាយនៅ Gaza Strip ហើយអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ព្រមទាំងការដោះលែងចំណាប់ខ្មាំងនៅសេសសល់ទាំងអស់ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
កាលពីចុងខែតុលា ប៉ុន្មានសប្តាហ៍ក្រោយសង្រ្គាមនៅ Gaza ផ្ទុះឡើង មហាសន្និបាត UN ក៏បានបោះឆ្នោតអនុម័តចំពោះសេចក្តីសម្រេចមួយដែរ ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់និងឋិតថេរដើម្បីឈានទៅរកការបញ្ឈប់អរិភាពរវាងអ៉ីស្រាអែលនឹងហាម៉ាស់។ ពីរសប្តាហ៍បន្ទាប់មក ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានចេញមុខអំពាវនាវជាលើកដំបូងឱ្យមាន «ការផ្អាករយៈពេលវែង និងច្រករបៀងមនុស្សធម៌» ក្នុងការប្រយុទ្ធគ្នានោះ ពោលគឺប្រើសម្តីមិនសូវច្បាស់ចំៗ ដោយចៀសវាងប្រើពាក្យដូចជាបទឈប់បាញ់។ ដោយឡែក ផ្ទុយពីសេចក្តីសម្រេចដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ សេចក្តីសម្រេចរបស់មហាសន្និបាត UN គឺមានលក្ខណៈមិនតម្រូវឱ្យគោរពតាមជាកំហិតឡើយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ UNFPA)


ចែករំលែក៖