ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ក្រុម​ជនជាតិចិនប្រមាណ​១០​នាក់​ត្រូវ​បានសមត្ថកិច្ច​ចម្រុះចាប់​វាយ​ខ្នោះ​និង​ឃាត់ខ្លួនបន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​​​ទៅ​លើ​បុរស​ចិន​២​នាក់​ទៀតរួម​ទាំង​វាយ​កម្ទេច​រថយន្ត​១​គ្រឿងនៅ​លើ​ដង​ផ្លូវ ​​បណ្តាល​ឱ្យ​ខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ក្រុម​ជនជាតិចិនប្រមាណ​១០​នាក់​ត្រូវ​បានសមត្ថកិច្ច​ចម្រុះចាប់​វាយ​ខ្នោះ​និង​ឃាត់ខ្លួនបន្ទាប់​ពី​អ្នកទាំងនេះប្រើ​អំពើ​ហិង្សា​​​ទៅ​លើ​បុរស​ចិន​២​នាក់​ទៀត រួម​ទាំង​វាយ​កម្ទេច​រថយន្ត​១​គ្រឿងនៅ​លើ​ដង​ផ្លូវបណ្តាល​ឱ្យ​ខូចខាត កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​នៅ​ទល់មុខ​ធនាគារ​វី​ង សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ពួកគេដូចជាព្រហើន ហាក់មិនខ្លាចសមត្ថកិច្ចសោះ រឿងបែបនេះកើតមានជាញឹកញាប់ ករណីខ្លះប្រើហិង្សាវ៉ៃតប់គ្នាពេញហាងផឹកសុី សម្របសម្រួលគ្នាក៏ចប់ ហើយសមត្ថកិច្ចក៏ដកខ្លួន ។ 

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឱ្យដឹង​ថា៖ នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ចិន​មួយ​ក្រុមមិនដឹង​ថា​មកពីណា​នោះ​ទេ បាន​ស្ទាក់​មុខ​រថយន្ត​១​គ្រឿងម៉ាក ​KIA ពណ៌​ស មាន​​ផ្លាក​​លេខ​ភ្នំពេញ ​2BI-7628 ដែល​កំពុង​តែ​បើកបរ​តាម​បណ្តោយ​វិ​ថី​​ព្រះ​មុនី​វង្សក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា៖ ជន​មួយក្រុម​នោះបាន​លោត​ធាក់​កញ្ចក់​មុខ​រថយន្ត ឯ​ខ្លះ​ទៀត​ប្រើ​ដុំឥដ្ឋ​ការ៉ូឡានិង​កាំបិត​បុ័ងតោរួម​ទាំង​អាវុធ​ផ្សេង​ៗ​ទៀត ​វាយ​កម្ទេច​រថយន្ត​១​គ្រឿង​នោះ ខណៈ​ខាងក្នុង​រថយន្តគេ​ឃើញ​មាន​បុរស​ចិន​ម្នាក់​ជា​អ្នកបើកបរនិង​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ ។ បន្ទាប់​ពី​វាយ​កម្ទេច​រថយន្ត​រួច ក្រុម​ជន​បង្ក​ខាងលើ​បាន​ព្យាយាម​ប្រើ​ហិង្សា​​ទៅ​លើ​អ្នក​ជិះ​រថយន្តដែល​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ ប្រៀប​ដូច​ជា​ក្រុម​ចាប់​ជំរិត ដោយ​ប្រើ​កាំបិត​កាប់ចំ​ដើមដៃ​ជន​រង​គ្រោះ ព្រមទាំង​ព្រួត​វាយ​រហូត​រង​របួសធ្ងន់​ផង​ដែរ ។ 

ឃើញ​ហេតុការណ៍​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រាយការណ៍​ទៅ​កាន់​សមត្ថ​កិច្ច​ភ្លាម​ៗ ​ហើយបន្ទាប់​ពី​ទទួល​ដំណឹង​នេះ សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​បឹង​កេង​កងបាន​ចុះ​មក​កាន់​ទីតាំង​កើតហេតុ ឃាត់ក្រុម​ជន​បង្ក​បានប្រមាណ​​១០​នាក់ដែល​គេ​និយាយ​​ថាជា​ជនជាតិចិនបង្ក​​ហិង្សា​​តាម​ដង​ផ្លូវ​ បង្កភាពអនាធិបតេយ្យបំផុត។ 

នៅ​ក្បែរ​ទីតាំង​កើតហេតុ សម​ត្ថកិច្ចរក​ឃើញ​មានកាំបិត​បុ័ងតោ​១​ដើមនិង​ដុំឥដ្ឋ​ការ៉ូឡា​ជា​ច្រើន​ដុំ ដែល​ក្រុម​ជន​បង្ក​ប្រើប្រាស់​ពេល​បង្ក​ហិង្សា​លើ​ជន​រង​គ្រោះ។ មកដល់រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មិនទាន់មានរបាយការណ៍ណាមួយពីសមត្ថកិច្ចបញ្ជាក់ពីដំណើរការនីតិវិធីដល់ណានោះឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖