ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យដែលប្លន់ម៉ូតូនិងវាយជនរងគ្រោះ នៅផ្សារតាហោក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុង និងកំលាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេសនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលប្លន់ម៉ូតូនិងវាយជនរងគ្រោះ នៅផ្សារតាហោក្រុងស្វាយរៀងនៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះថា ឆាន់ រ៉ាណេង ហៅឃ្នាក  អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស(វាយយកម៉ូតូ) មួយកើតឡើង នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ទូច សុខា ភេទស្រី អាយុ៥២ឆ្នាំ  ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិថ្នល់កែង សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវជនសង្ស័យឈ្មោះ ឆាន់ រ៉ាណេង ហៅឃ្នាក បានធ្វើសកម្មភាពយកដែកទៀបជ្រុង វាយទៅលើជនរងគ្រោះត្រូវចំចិញ្ចើមពីមុខ ត្រូវក្បាលផ្នែកខាងក្រោយ ត្រូវដៃខ្ញុំឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប្រភពបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ស្លាកលេខ ភ្នំពេញ ១E-៩២៩២ ជិះគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូន មកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖