ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​បាត់ដំបង​៖ ណែនាំនិងជំរុញបន្ថែមលើការចុះបញ្ជីអត្រានុកូលដ្ឋានដល់ទារក ដែលទើបកើតថ្មី ក្នុងរយៈពេល៣០ថ្ងៃ និងសំបុត្របញ្ជាក់កំណើតដល់កុមារ ដែលមិនបានធ្វើសំបុត្រកំណើត

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារ (គ.ក.ស.ក)ខេត្ត នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

លោក សុខ លូ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណ្ណត្តិថ្មី ទី៧នេះ នៅតែបន្តការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាស្ត្រី និងកុមារ ពីព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ ហើយកុមារគឺជាមូលធនមនុស្ស ដែលជាសរសរទ្រូងនៃប្រទេសជាតិ និងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមកសាងធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា នាពេលអនាគត ។ 

លោកអភិបាលខេត្ត​ បានបញ្ជាក់ទៀតថា ឆ្លងតាមកិច្ចប្រជុំនេះ យើងនឹងដកស្រង់បាននូវបទពិសោធន៍ល្អៗ ចំណុចខ្លាំង បញ្ហាប្រឈម សំណូមពរ ដែលយើងត្រូវរួមគ្នាបន្តដោះស្រាយសកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយផ្តោតលើការងារយេនឌ័រ ការលើកកម្ពស់សេវាសង្គមនៅតាមមូលដ្ឋាន ដូចជាការ លើកកម្ពស់សុខុមាលភាពមាតា និងទារក អាហារូបត្ថម្ភ អនាម័យ ទឹកស្អាត លើកកម្ពស់គុណភាពមត្តេយ្យសិក្សាសហគមន៍ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ករណីជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ ជួយដល់ស្ត្រីចាស់ជរា ស្ត្រីមេម៉ាយក្រីក្រ ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីសម្រាលកូន ព្រមទាំងអប់រំផ្សព្វផ្សាយអំពីច្បាប់ទាក់ទងស្ត្រី និងកុមារ ដូចជាសីលធម៌សង្គម តម្លៃស្ត្រីខ្មែរ ការចិញ្ចឹមកូនបែបវិជ្ជមាន ការពង្រឹងភាពអង់អាចដល់ស្ត្រី កិច្ចការពារកុមារ និងការថែទាំសុខភាពជាដើម ។

លោក សុខ លូ បានចាត់ទុក កិច្ចប្រជុំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកព័ត៌មាន ដែលពាក់ព័ន្ធទៅ នឹងស្ថានភាពរបស់ស្ត្រី និងកុមារ ពិភាក្សាទៅលើបញ្ហាប្រឈមកំពុងជួបប្រទះ ដើម្បីជួយដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ធ្វើការដោះស្រាយ ព្រមទាំងការទទួលខុសត្រូវពីអ្នកពាក់ព័ន្ធទាំងនោះ ក្នុងការជួយដល់ស្ត្រី និងកុមារ ដែលរងគ្រោះ និងងាយរងគ្រោះ សម្រាប់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធនានា រៀបចំខ្លួនក្នុងការចូលរួមអនុវត្តនូវគោលនយោបាយជាតិ ស្តីពីការលើកកម្ពស់សិទ្ធិស្ត្រី និងការគាំពារ និងអភិវឌ្ឍន៍កុមារតូចផងដែរ ។

ក្រៅពីនោះ លោកអភិបាលខេត្ត​ បានធ្វើការណែនាំនិងជំរុញបន្ថែមលើការចុះបញ្ជីអត្រានុកូលដ្ឋានដល់ទារក ដែលទើបកើតថ្មី ក្នុងរយៈពេល៣០ថ្ងៃ និងសំបុត្របញ្ជាក់កំណើតដល់កុមារ ដែលមិនបានធ្វើសំបុត្រកំណើត ជំរុញការអប់រំកុមារតូច ដែលគ្រប់អាយុចូលរៀន បានចូលរៀននៅមត្តេយ្យរដ្ឋ និងមត្តេយ្យសហគមន៍ និងក្ដាប់ពីស្ថានភាពកុមារតូចៗ ដែលមិនបានចូលរៀន ការកៀរគរធនធានក្នុងការឧបត្ថម្ភគាំទ្រដល់មត្តេយ្យសិក្សាសហគមន៍ ដោយយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយពីកិច្ចការពារកុមារ ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ ផលប៉ះពាល់នៃគ្រឿងញៀន គ្រឿងស្រវឹង និងការឆ្លើយតបបានទាន់ពេលវេលា ការយកចិត្តទុកដាក់ និងគិតគូរអំពីផលប៉ះពាល់ដល់កុមារមកពីការធ្វើចំណាកស្រុក ដោយគ្មាន សុវត្ថិភាព និងការថែទាំអំពីកង្វះអាហារូបត្ថម្ភលើកុមារ និងសុខុមាលភាពមាតា និងទារក មុន ពេលសម្រាល និងក្រោយពេលសម្រាលឱ្យបានល្អប្រសើរបំផុត ៕

ដោយ៖ សហការី


ចែករំលែក៖