ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទគំរាមកំហែងថានឹងសម្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បើតាមប្រភពព័ត៌មាននៅរសៀលថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដែលជនសង្ស័យរូបនោះបានជាប់ពាក់ព័ន្ធពីបទគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ 

ជនត្រូវចោទឈ្មោះ ជ័យ សុផាត ភេទប្រុស អាយុ៦១ ឆ្នាំ មុខរបរនៅផ្ទះ អតីតមន្ត្រីយោធាចូលនិវត្តន៍ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

តាមដីកាបង្គាប់ឱ្យឃុំខ្លួនបានដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការពិនិត្យពីបទគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ 

តាមប្រភពព័ត៌មានឱ្យដឹងទៀតថា បានជាចៅក្រមស៊ើបសួរសម្រេចឱ្យឃុំខ្លួនជនត្រូវចោទខាងលើនេះ ដោយយោងទៅលើពាក្យបណ្តឹងរបស់លោកចៅក្រមម្នាក់រស់នៅជិតខាងគ្នា ដែលរងនូវការជេរប្រមាថនិងគំរាមកំហែងដល់អាយុជីវិត ពីសំណាក់ជនសង្ស័យរូបនោះ  ហើយមិនតែប៉ុណ្ណោះសូម្បីអ្នករស់នៅភូមិផងរបងជាមួយក៏អតីតមន្ត្រីយោធារូបនោះជេរព្រឹកជេរល្ងាច ដោយមិនខ្លាចរអាអ្នកណាឡើយ ។ 

ក្រោយពីមានពាក្យបណ្តឹងកម្លាំងសមត្តកិច្ចជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានចុះទៅធ្វើការឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្នូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖