ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ុន សារឿន ឯកអគ្គរាជទូត អមដោយសហការី បានទទួលជួប Ms. Tanarat Teeratanakiat ប្រធានផ្នែកកិច្ចការទីផ្សារ និងធនធានមនុស្ស នៃវិទ្យាស្ថានគ្រប់គ្រងប៉ាន់យ៉ាភិវ៉ាត់ (Panyapiwat Institute of Management: PIM) និងសហការី។
ក្រៅពីផ្លាស់ប្តូរសារជូនពរឆ្នាំថ្មី ២០២៤ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងក្រុមហ៊ុន CP All។ Ms. Tanarat បានជម្រាប លោកឯកអគ្គរាជទូតថា PIM នឹងបន្តផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០ កន្លែង ដល់សិស្សនិស្សិតខ្មែរ សម្រាប់ឆ្នាំសិក្សា ២០២៤ ខាងមុខ។
ទន្ទឹមនេះ PIM ក៏កំពុងពិចារណាបង្កើតកិច្ចសហប្រតិបត្តិការជាមួយ TVET កម្ពុជា ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់សិស្សនិស្សិតខ្មែរនៅកម្ពុជាផ្ទាល់ផងដែរ។
លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ CP All និង PIM ដែលបាននិងកំពុសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា។
PIM គឺជាវិទ្យាស្ថានឯកទេសគ្រប់គ្រងរបស់ក្រុមហ៊ុន CP All ដែលជាម្ចាស់ហាង Seven Eleven នៅប្រទេសថៃ កម្ពុជា និងឡាវ៕
ដោយ ៖ សិលា