ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្នលោក វ្ល៉ាឌីមៀ ពូទីន នឹងឈរឈ្មោះសម្រាប់អាណត្តិទីប្រាំជាប្រធានាធិបតីរុស្ស៊ីក្នុងនាមជាបេក្ខជនឯករាជ្យ។កាលពីថ្ងៃទី១៨ ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ពាក្យសុំចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤ នៅគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរុស្ស៊ី។ យោងតាមច្បាប់របស់រុស្ស៊ី សម្រាប់បេក្ខជនប្រធានាធិបតីឯករាជ្យ លោក ពូទីន ត្រូវប្រមូលហត្ថលេខាគាំទ្រយ៉ាងហោចណាស់ 300,000 នាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន RT ការសម្រេចចិត្តរបស់លោកពូទីនក្នុងការឈរឈ្មោះជាប្រធានាធិបតីរុស្ស៊ីនៅឆ្នាំ 2024 បានទទួលការគាំទ្រនៅក្នុងសន្និសីទរបស់គណបក្ស United Russia ដែលកាន់អំណាច។
ប្រធានគណបក្សលោក Dmitry Medvedev បានបញ្ជាក់ថា គណបក្សនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយប្រធានាធិបតី Vladimir Putin ឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ម្តងទៀត។កន្លងមកកាលពីថ្ងៃទី ១៦ ខែធ្នូ ក្រុមសកម្មជនឯករាជ្យ រួមមានមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ តារាសម្ដែង និងអត្តពលិកជាច្រើននាក់ បានយល់ព្រមគាំទ្រការបោះឆ្នោតឡើងវិញរបស់លោក ពូទីន ជាប្រធានាធិបតីរុស្ស៊ីនៅឆ្នាំ ២០២៤។
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ 2024 គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែមីនា ឆ្នាំ 2024។ អ្នកឈ្នះនឹងស្បថចូលកាន់តំណែងនៅខែឧសភា។ យោងតាម RT នេះនឹងក្លាយជាការបោះឆ្នោតប្រធានាធិបតីលើកដំបូងនៅក្នុងប្រទេសរុស្ស៊ីដែលបានធ្វើឡើងក្នុងរយៈពេលជាច្រើនថ្ងៃ៕ ដោយ៖ ធីរីណា
រូបថត៖ Sputnik