(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោក កាត្សឹណារី ម៉ាត្សឹដា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំងលើបច្ចេកវិទ្យាទំនើប នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។ នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក្រុមហ៊ុន Meiji ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កាត្សឹណារី ម៉ាត្សឹដា និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Meiji ដែលបានបង្ហាញពីចំណាប់អារម្មណ៍ និងគ្រោងវិនិយោគនៅកម្ពុជា នាពេលអនាគតខាងមុខ ដោយ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង ។ ក្នុងជំនួបនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយធ្វើការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និងប្រទសក្នុងតំបន់ ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បីចូលរួមលើកកម្ពស់ផលិតភាពក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ លើសពីនេះ សម្តេចមហាបវរធិបតី ក៏ធ្វើការគូសបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕
ដោយ៖ សហការី