ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលសកម្មក្នុងការដើរលួចទ្រព្យសម្បត្តិអ្នកស្រុកក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ត្រូវកម្លាំងល្បាត នៃអធិការដ្ឋានខណ្ឌប្ញស្សីកែវឃាត់ខ្លួនបាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០០និង៣០នាទី នៅចំណុច ផ្លូវលេខ៩៣ ក្រុមទី១១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ ស័ក្ក វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី២-ឈ្មោះ ច្រឹក ឆេងលាង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ០៣១ ផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
ចំពោះសម្ភារដកហូតបានមាន៖ ១-ដែកសំប៉ែតចុងស្រូចចំនួន០២, ២-ម៉ូតូចំនួន០១គ្រឿងម៉ាកឌូក ពាក់ស្លាកលេខភ្នំពេញ1FE-9851។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានល្បាតក្នុងភូមិសាស្ត្រក៏ឃេីញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងនៅចំណុចផ្លូវលេខ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ សង្ស័យដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ភ្លាមនោះសមត្ថកិច្ចមានការសង្ស័យក៏ធ្វើការត្រួតពិនិត្យ ហើយរកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) ឧបករណ៍ សម្រាប់ឆ្កឹះសោនៅក្នុងហោប៉ៅខោជនសង្ស័យឈ្មោះ ស័ក្ក វណ្ណា។ ឃើញដូចនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលឫស្សីកែវតែម្តង។ ជនសង្ស័យ សមត្ថកិច្ចជំនាញបាននិងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ជីណា