ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា រយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ប្រមូលចំណូលបានប្រមាណ ៣៣៤៧,១៨ លានដុល្លារ ស្មើនឹង ៩៣,៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ និងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។
បើតាមបញ្ជាក់ពីលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ ចំណូលពន្ធអាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារ នៅក្នុងខែវិច្ឆិកា មានចំនួន ១ ១៣៤,៥៨ ប៊ីលានរៀល (ប្រមាណជា ២៨០,១៤ លានដុល្លារ) ស្មើនឹង ៧,៨៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
លោកអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានបន្តថា ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជា ៦៨,២៨ លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជន ចំនួន ៨៣ សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និងឡិចត្រូនិកពីបរទេសចូលមកកម្ពុជា។
គួរបញ្ជាក់ថា ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យបានចំនួនប្រមាណ ៣ ៥៧១,៥៤ លានដុល្លារ៕
ដោយ៖ សហការី