ភ្នំពេញ៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ និងលោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រសាសន៍សំខាន់ៗ ក្នុងពិធីធ្វើសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។
ជាក់ស្ដែងនារាត្រីថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។
នាឱកាសនោះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី បានស្នើទៅនាយករដ្ឋមន្ត្រីជប៉ុន ឱ្យជួយរៀបចំផែនការមេ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ របស់កម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងថា អំឡុងជំនួបអាហារពេលព្រឹកជាមួយ នាយករដ្ឋមន្ត្រីវៀតណាម និងឡាវ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើឱ្យមាន អភិក្រមកញ្ចប់ទេសចរណ៍ ប្រទេសបី គោលដៅតែមួយ។
លោករដ្ឋមន្ត្រីប្រតិភូ ថ្លែងថា អំឡុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមហ៊ុនជប៉ុនសុទ្ធតែបានបង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា ចំណែកក្រុមហ៊ុនជាច្រើនផ្សេងទៀត បង្ហាញបំណងចង់មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងថា ទោះបីកម្ពុជានៅត្រូវការជំនួយពី ជប៉ុនក្ដី ក៏ជប៉ុនមើលឃើញកម្ពុជាថា ជាដៃគូមួយដែលខានមិនបានរបស់ជប៉ុនជាដដែល ព្រោះកម្ពុជា ជាសមាជិកមួយរបស់អាស៊ាន។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងថា អំឡុងទស្សនកិច្ចនៅប្រទេសនានា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រឹងប្រែងគ្រប់បែបយ៉ាង និងមិនមានពេលសម្រាក ដើម្បីចរចាជាមួយគ្រប់ភាគី ដើម្បីនាំយកប្រយោជន៍ជូនជាតិ ជូនកម្ពុជា ជូនពលរដ្ឋខ្មែរ។
លោករដ្ឋមន្ត្រីប្រតិភូ ថ្លែងថា ទោះបីកម្ពុជានៅត្រូវការជំនួយពី ជប៉ុនក្ដី ក៏ជប៉ុនមើលឃើញកម្ពុជាថា ជាដៃគូមួយដែលខានមិនបានរបស់ជប៉ុនជាដដែល ព្រោះកម្ពុជា ជាសមាជិកមួយរបស់អាស៊ាន។
ជាមួយគ្នានោះ លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដែរថា អំឡុងទស្សនកិច្ចនៅជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឡើងថ្លែង ដោយបង្ហាញក្ដីរំពឹងថា ជប៉ុននឹងបន្តផ្ដល់អាហារូបករណ៍លើ ការបណ្ដុះបណ្ដាលនានាដល់កម្ពុជា។
លោក សូ ណារ៉ូ ថ្លែងបន្ថែមថា ការអញ្ជើញចូលគាល់ និងសវនាការជាមួយព្រះ ចៅអធិរាជជប៉ុនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បង្ហាញពីការទទួលស្គាល់កម្រិតប្រមុខរដ្ឋ ដែលជាការទទួលស្គាល់ខ្ពស់បំផុត៕
ដោយ៖ សហការី