ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ១១ខែឆ្នាំ២០២៣នេះ! ពន្ធដារ ប្រមូលចំណូលបានជាង ៣,៣ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា រយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ប្រមូលចំណូលបានប្រមាណ ៣៣៤៧,១៨ លានដុល្លារ ស្មើនឹង ៩៣,៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាម​របាយ​ការណ៍​បង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ និងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមបញ្ជាក់ពីលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​ តាមរយៈសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ ចំណូលពន្ធអាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋាន​ពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារ នៅក្នុងខែវិច្ឆិកា មានចំនួន ១ ១៣៤,៥៨ ប៊ីលានរៀល (ប្រមាណជា ២៨០,១៤ លានដុល្លារ) ស្មើនឹង ៧,៨៤% នៃផែនការច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោកអគ្គនាយកដ្ឋានពន្ធដាររូបនេះ​ បានបន្តថា​ ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជា ៦៨,២៨ លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជន ចំនួន ៨៣ សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និងឡិចត្រូនិកពីបរទេសចូលមកកម្ពុជា។

​គួរបញ្ជាក់ថា ច្បាប់​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ​បានកំណត់​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ឱ្យបាន​ចំនួន​ប្រមាណ ៣ ៥៧១,៥៤​ លាន​ដុល្លារ​៕

ដោយ៖ សហការី


ចែករំលែក៖