ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤”

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ​ នៅទីស្តីការក្រសួងបរិស្ថាន។ 

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង​ថា រយៈពេល៣ខែនេះសម្ដេច បានលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម, បានអនុញ្ញាតឱ្យបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពល, ចេញអនុក្រឹត្យក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង និងបានបញ្ឈប់ការចេញអាជ្ញាបណ្ណរុករករ៉ែនៅតំបន់ព្រៃឡង់ ដើម្បីជាការគាំទ្រដល់ការលើកកម្ពស់វិស័យបរិស្ថាន។

-សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រសួងបរិស្ថានរយៈពេលប្រមាណ៤ខែកន្លងទៅនេះ។​ តាមរយៈការអនុវត្តន៍នូវវិធានការនានា ធ្វើឱ្យកម្ពុជាត្រូវបានគេវាយតម្លៃថាជាជើងឯកផ្នែកបរិស្ថាន។

-សម្តេចធិបតី ថ្លែងថា ពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋនៅលើពិភពលោក ត្រូវការផែនដីមួយល្អ ដើម្បីការរស់​ ខណៈ​គោលនយោបាយផ្នែកបរិស្ថានដែលដាក់ចេញពេលបច្ចុប្បន្ន គឺដើម្បីបង្កាមនុស្សជំនាន់ក្រោយ រងផលប៉ះពាល់ដោយសារបញ្ហាបរិស្ថានមិនល្អ។​ សម្តេចធិបតី អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍យុទ្ធការ «ខ្ញុំមិនប្រើថង់ប្លាស្ទិក»។

-សម្តេចធិបតី ថ្លែងថា តម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ គឺប្រាកដណាស់ក្នុងការបញ្ចៀសផលប៉ះពាល់បរិស្ថាន។ ប៉ុន្តែត្រូវតែធានាឱ្យបានថា ការអភិវឌ្ឍន៍អាចធនាបាននូវចីរភាព និងនិរន្តរភាព។​ សម្តេច​ ថា រាល់គម្រោងទាំងឡាយដែលប៉ះពាល់ដល់បរិស្ថាន គឺត្រូវតែសិក្សាឱ្យបានល្អិតល្អន់។

-សម្តេចធិបតី ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក របស់ក្រសួងបរិស្ថាន។ខណៈ​សម្តេចធិបតី បានបង្ហើបថា មានក្រុមហ៊ុនជប៉ុនមួយចង់វិនិយោគលើការចិញ្ចឹមមាន់យកពងទៅផលិតជាសម្លៀកបំពាក់។

-សម្តេចធិបតី ប្រកាសប្តេជ្ញាចិត្តក្នុងការដាំដុះដើមឈើឡើងវិញ ដើម្បីចូលរួមការពារបរិស្ថាន​ និងបានណែនាំក្រសួងបរិស្ថានជំរុញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ប្រែក្លាយទ្រឹស្តីទៅជាការអនុវត្តន៍ជាក់ស្តែង។

-សម្តេចធិបតី ណែនាំដល់ក្រសួងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវសិក្សាឱ្យបានគ្រប់គម្រោងអភិវឌ្ឍន៍ ដើម្បីបញ្ចៀសបញ្ហាប៉ះពាល់ដល់បរិស្ថាន។

-សម្តេចធិបតី ថ្លែងថា ក្រសួងបរិស្ថានមិនមែនការពារតែព្រៃ និងសត្វប៉ុណ្ណោះទេ តែក៏ត្រូវការពារជីវិតមនុស្សដែរ។ មនុស្សគឺជាគោល​ ហើយបើចង់ទប់ស្កាត់ពលរដ្ឋមិនឱ្យកាប់ឈើ និងបាញ់សត្វ ត្រូវបង្កើតដង្ហើមសេដ្ឋកិច្ចឱ្យគាត់។

-សម្តេចធិបតី ណែនាំរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពប្រណិបត្តិជំនឿ និងសាសនា។ ជាពិសេសក្រុមឥសី ដែលចេញជាបន្តបន្ទាប់។

-សម្តេចធិបតី ដាក់បទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ថា ដាវអាជ្ញាសឹកឱ្យហើយ​ ត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសត្រូវខិតខំការពារតំបន់ព្រៃលិចទឹកនៅក្នុងប្រទេសកម្ពុជា។

-សម្តេចធិបតី ថ្លែង​ប្រាប់​ដល់សមត្ថកិច្ច​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ករណីមានបទល្មើសជាក់ស្ដែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ គឺសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឃាត់ខ្លួនជនល្មើសភ្លាម។

-សម្តេចធិបតី បានដាក់ចេញបទបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ ដើម្បីឈានទៅគោលដៅលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ហើយមន្រ្ដីដែលពាក់ព័ន្ធគឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។

សូមជម្រាបថា​ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបរិស្ថាន ពិសេស ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និយាយដោយឡែក និងទូទាំងសកលលោក និយាយជារួម។ 

កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ “ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង” ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និងការចូលរួមចំណែក ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ សហការី


ចែករំលែក៖