ភ្នំពេញ ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៣ និងលើកទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេលដើរគោះទ្វារ ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេសនិងវិនិយោគិនកម្ពុជាជាដើម។
សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែបុរេសកម្មជានិច្ចដោយបានដើរគោះទ្វាគេ, ដើរជួបគេ ដើម្បីរកទីផ្សារសម្រាប់នាំផលិតផលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ អភិក្រម «រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី» ជាពាក្យមួយស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្វីត្បិតឆ្នាំ២០២៣ ជាឆ្នាំដ៏លំបាកសម្រាប់សេដ្ឋកិច្ចកម្ពុជាដោយសារឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្តី ក៏យើងបានកត់សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ដោយបានពង្រឹងកាលានុវត្តភាពវិស័យពាណិជ្ជកម្មកម្ពុជាតាមរយៈការសម្រេចបាននូវការចរចាដាក់អោយចូលជាធរមាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី និងពហុភាគីសំខាន់ៗចំនួន ៤ ដូចជា៖
ទី១-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
ទី២-កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសាធាណៈរដ្ឋកូរ៉េ
ទី៣-កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
ទី៤-កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «ការរក្សា ពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មី» ជាពាក្យស្រួលនិយាយ ប៉ុន្តែពិបាកធ្វើ ពោលគឺការរក្សាធ្វើទីផ្សារ មិនមែនគេទិញយើងរាល់ឆ្នាំនោះទេ បើយើងមិនខិតខំរក្សាម៉ាក (Brand) របស់យើងឱ្យបានល្អនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ថា ទីផ្សារដែលបើកហើយគឺយើងត្រូវព្យាយាមថែរក្សាធានាគុណភាពទំនិញ និងធានាភាពជឿជាក់ឱ្យបាន៕
ដោយ ៖ សហការី