ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនៅតែអនុបវាទក្នុងការអនុម័តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជំនួយ ហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយ ដែលជំរុញឱ្យមានការបង្កើនការបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិកនិងរុស្ស៉ីដែលមានសិទ្ធិអំណាចវេតូក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតអនុបវាទ ដែលនេះមានន័យថា ដំណោះស្រាយខាងលើត្រូវបានអនុម័តក្នុងសំឡេងគាំទ្រពីប្រទេសចំនួន១៣ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ដោយមិនមាន ការវេតូឬប្រឆាំងជំទាស់នោះទេ។
ដំណោះស្រាយនេះដដែលក៏បានអំពាវនាវផងដែរឱ្យមានការធ្វើសកម្មភាពជាបន្ទាន់ សំដៅអនុញ្ញាតនិងជួយសម្រួលដល់ការបញ្ជូនជំនួយមនុស្សធម៌ដោយសុវត្ថិភាពនិងមិនមានការរំខាន ព្រមទាំងបង្កើតលក្ខខណ្ឌដើម្បីឆ្ពោះទៅរកបទឈប់បាញ់មួយប្រកបដោយនិរន្តរភាព។ ប៉ុន្តែមិនមានការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ឡើយ ខណៈចំនួនជនជាតិប៉ាឡេស្ទីនកើនឡើងដល់លើស ២០,០០០នាក់ហើយត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកពីអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ក្រោយក្រុមហាម៉ាស់វាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលសម្លាប់មនុស្ស ១,១៤០នាក់។
ការបោះឆ្នោតអនុម័តលើដំណោះស្រាយខាងលើត្រូវបានពន្យារពេលជាច្រើនថ្ងៃ មុននឹងត្រូវបានអនុម័តនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងគោលបំណងបញ្ចៀសកុំឱ្យមានការបោះឆ្នោតវេតូពីសហរដ្ឋអាមេរិក។ ដ្បិតដំបូងឡើយ ដំណោះស្រាយនេះដែលត្រូវបានព្រាងដោយប្រទេសអេមីរ៉ាតអារ៉ាប់រួមបានអំពាវនាវឱ្យមានបទឈប់បាញ់សម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានប្រឆាំងជំទាស់នឹងការអំពាវនាវឱ្យមានបទឈប់បាញ់ ដោយពួកគេអះអាងថានឹងផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស់។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិកគាំទ្រឱ្យមានការផ្អាកបាញ់រយៈពេលខ្លីណាមួយតែប៉ុណ្ណោះ ដើម្បីការពារជនស៊ីវិល និងការដោះលែងចំណាប់ខ្មាំងពីក្រុមហាម៉ាស់៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖